អត្តពលិកបាល់បោះពិការជាង ១០ នាក់ ត្រូវចេញទៅប្រកួត Bali Cup នៅប្រទេសឥណ្ឌូណេស៊ី

14474

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នឹងបញ្ជូនប្រតិភូកីឡាករ កីឡាការនីបាល់បោះជន ពិការកម្ពុជា ចំនួន ១១ នាក់ ចេញទៅចូលរួមប្រកួតកីឡាជនពិការជិះរទេះ Bali Cup លើកទី៦ ឆ្នាំ ២០១៩ នៅប្រទេសឥណ្ឌូណេស៊ី ដោយមាន ៦ ប្រទេសចូលរួម ។

ក្នុងឱកាសសំណេះសំណាល ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានណែនាំដល់កីឡាករ កីឡាការិនីទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះការប្រកួត ព្យាយាមដកស្រង់បទពិសោធន៍ និង បច្ចេកទេសនានា ពីអត្តពលិកមកពីបណ្តាប្រទេសផ្សេងៗ ដើម្បីបង្កើនគុណភាពកម្រិតបច្ចេកទេសឲ្យកាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់ជាតិរបស់ខ្លួន ។
លោក ម៉ៅ សុខជា គ្រូបង្វឹកកីឡាបាល់បោះជនពិការ បានឲ្យដឹងថា សម្រាប់ការចូលរួមប្រកួតនេះ គឺក្រុម កម្ពុជាមានកីឡាករ ៥ នាក់ និងកីឡាការិនី ៤ នាក់ ដែលដឹកនាំដោយ លោកស្រី សុង សុខលៀប ។ តាមការគ្រោងទុក ព្រឹត្តិការណ៍នេះមាន ៦ ប្រទេសចូលរួម គឺកម្ពុជា, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, សិង្ហបុរី និងប្រទេសបារាំង ដែលមាន ២ វិញ្ញាសា គឺបុរសនារីបញ្ជូលគ្នា ៥ នាក់ម្ខាង និងក្រុមនារី ៣ នាក់ម្ខាង ។ លោក រំពឹងថា តាមរយៈការប្រកួតនេះនឹង នាំត្រឡប់មកវិញនូវបទពិសោធន៍ ពីបណ្តាប្រទេសអាស៊ាន និងអឺរ៉ុប ដើម្បីត្រៀមចូលរួមប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១០ នៅប្រទេសហ្វីលីពីន នាខែមករា ឆ្នាំ ២០២០ ខាងមុខ ។

សូមបញ្ជាក់ថា ការចេញទៅចូលរួមប្រកួត នៅប្រទេសឥណ្ឌូណេស៊ីលើកនេះ ទទួលបានការគាំទ្រ និង សម្របសម្រួលពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងគាំទ្រថវិកាប្រាក់ហោប៉ៅពីក្រសួងអប់រំ យុវជន និងកីឡា ខណៈថ្លៃហូបចុក ស្នាក់នៅ សំបុត្រយន្តហោះ និងការចុះឈ្មោះចូលរួមប្រកួត គឺទទួលបានការអនុគ្រោះពីម្ចាស់ផ្ទះ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី