រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ស្នើសមាជិកអាស៊ានខំប្រឹងបង្កើតផលិតផលទេសចរណ៍ថ្មីៗនិងពង្រីកការហោះហើរត្រង់ដើម្បីទាក់ទាញទេសចរបន្ថែម

14067
  • ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានស្នើដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ត្រូវខិតខំបង្កើតផលិតផលទេសចរណ៍ថ្មីៗ និង ពង្រីការហោះហើរត្រង់បន្ថែមឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើន ព្រមទាំងត្រូវដោះស្រាយបញ្ហាប្រឈមនានាមួយចំនួនទៀតផងដែរ ។

    ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម រដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចប្រជុំកម្រិតអគ្គនាយកទេសចរណ៍អាស៊ានលើកទី៥០ (ASEAN NTOs) ជាផ្លូវការ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពី ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និង លោក PG Kamalrudzaman Haji Mohd Ishak អគ្គលេខានៃក្រសួងធនធានឧស្សាហកម្ម និងទេសចរណ៍ ដែលជាប្រធានអង្គប្រជុំ ASEAN NTOs លើកទី៥០ និង កិច្ចប្រជុំពាក់ព័ន្ធ ។ ការអំពាវនាវនេះក៏មិនខុសពីអ្វីដែល ឯកឧត្តម រដ្ឋមន្ត្រីដ៏មមាញឹករូបនេះ តែងតែជំរុញដល់គ្រប់ភាគីពាក់ព័ន្ធនៅកម្ពុជាឱ្យចូលរួមជំរុញនូវកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ជាតិនោះឡើយ ដោយ ឯកឧត្តម តែងតែលើកទឹកចិត្តឱ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងទាក់ទាញការតភ្ជាប់ការហោះហើរត្រង់ពីបណ្ដាប្រទេសគោលដៅនានាជារឿយៗ ។

    ក្នុងពិធីបើកកិច្ចប្រជុំ ASEAN NTOs នេះទៀតសោត ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានឆ្កឹះអំពីបញ្ហាប្រឈមមួយចំនួនដែលប្រទេសជាសមាជិកអាស៊ាន ត្រូវមានកិច្ចសហប្រតិបត្តិការដោះស្រាយរួមគ្នា ក្នុងនោះត្រូវជំរុញការធ្វើដំណើរទស្សនាកម្សាន្តផ្ទៃក្នុងអាស៊ានឱ្យបានផុសផុលឡើង សំដៅធ្វើយ៉ាងណាឱ្យទទួលបានកំណើនជាមធ្យម ៤% ក្នុងមួយឆ្នាំ និងជំរុញឱ្យទេសចរអាចធ្វើដំណើរទស្សនាកម្សាន្តបានដោយខ្លួនឯង ពិសេសដំណើរកម្សាន្តឆ្លងប្រទេស។
    ឯកឧត្តម ថោង ខុន បានសម្លឹងឃើញពីសក្ដានុពលនៃ «ទេសចរណ៍ម្ហូបអាហារ» យូរមកហើយ ដោយក្នុងកិច្ចប្រជុំខាងលើនេះដែរ លោកបានជំរុញឱ្យអង្គប្រជុំ ASEAN NTOs រួមគ្នាពិភាក្សាពីចំណុចដ៏សំខាន់មួយនេះ សំដៅធ្វើយ៉ាងសម្រេចឱ្យបាននូវ «ស្ដង់ដាទេសចរណ៍ម្ហូបអាហារអាស៊ាន» នេះឱ្យបាន ។ ដោយសារតែនៅតំបន់អាស៊ានសម្បូរទៅដោយធនធានធម្មជាតិ វប្បធម៌រូបិយ-អរូបិយ ដែលអំណោយផលដល់ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងតំបន់ ឱ្យក្លាយទៅជាផលិតផលដ៏ល្អឯក និង ផ្ដល់នូវការចងចាំដ៏ជក់ចិត្តដល់ទេសចរ ដូច្នេះហើយបានជា ឯកឧត្តម ថោង ខុន ជំរុញលើកទឹកដល់ប្រទេសសមាជិកអាស៊ាន ត្រូវធ្វើយ៉ាងណាបង្កើតផលិតផលទេសចរណ៍ថ្មីៗឱ្យបានច្រើន ដើម្បីទាក់ទាញទេសចរឱ្យមកទស្សនាកើនឡើងកាន់តែច្រើនថែមទៀត ។

    រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសហ្វីលីពីន និង ឥណ្ឌូនេស៊ី ផងដែរ ដែលបានតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា ដែលនេះជាការរួមចំណែកដល់ការជំរុញចរន្តភ្ញៀវទេសចរពីគ្នាទៅវិញទៅមក ។ តាមរបាយការណ៍បានបង្ហាញថា ពេញមួយឆ្នាំ ២០១៨ តំបន់អាស៊ានទាំងមូលទទួលបានភ្ញៀវទេសចរប្រមាណ ១៣៥ លាននាក់ កើនឡើង ៧.៦% ។ បើតាមលោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង អាស៊ាន នៃក្រសួងទេសចរណ៍ កិច្ចប្រជុំ ASEAN NTOs នេះផ្ដោតសំខាន់លើការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់អាស៊ាន ក្នុងនោះមានការត្រួតពិនិត្យលទ្ធផលការងារ ដែលបានអនុវត្តតាំងពីឆ្នាំ ២០១៦ និងដាក់ចេញទិសដៅការងារបន្តរហូតទៅដល់ឆ្នាំ ២០២៥ ។ ក្រៅពីនោះ មានការជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន និង គម្រោងអភិវឌ្ឍន៍នានា ដែលចូលរួមដល់ការអភិវឌ្ឍក្នុងតំបន់អាស៊ានទាំងមូល ក៏ដូចជាវិស័យទេសចរណ៍កម្ពុជា តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និង ការអនុវត្តស្តង់ដាគុណភាពអាស៊ានរួម និង ការបណ្ដុះបណ្ដាលធនធានមនុស្ស ស្របតាមកម្មវិធីបណ្ដុះបណ្ដាលស្ដង់ដាអាស៊ាន ។

    សូមជម្រាបថា កិច្ចប្រជុំ ASEAN NTOs ខាងលើ មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០-១២ ខែកក្កដា ឆ្នាំ ២០១៩ ។ ក្រៅពីកិច្ចប្រជុំ ASEAN NTOs អាស៊ាននេះ ក៏មានកិច្ចប្រជុំ ASEAN NTOs បូក ៣ ដែលមានប្រទេសចិន ជប៉ុន និង កូរ៉េខាងត្បូង ហើយនឹងមានកិច្ចប្រជុំក្នុងក្របខណ្ឌមជ្ឈមណ្ឌលអាស៊ាន-ចិន មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និង មជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង ព្រមទាំងមានកិច្ចប្រជុំជាមួយដៃគូសន្ទនាផ្សេងទៀតផងដែរ ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី