ក្រោយពីក្លាយជាកីឡាករឈ្នះពានច្រើនបំផុត Man City តាមប្រម៉ាញ់ Alves មិនព្រមលែងដៃ

11477

បើយោងតាមរបាយការណ៍របស់ Globoesporte បានឱ្យដឹងថា ក្លឹបមេឃខៀវ Manchester City នឹងត្រូវបន្តការកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីចុះហត្ថលេខាលើខ្សែការពារសំបូរទៅដោយបទពិសោធន៍ កីឡាករ Dani Alves សម្រាប់នារដូវកាល ២០១៩/២០២០ នេះ ។

បច្ចុប្បន្នខ្សែការពារស្លាបស្តាំវ័យ ៣៦ ឆ្នាំរូបនេះ គឺជាកីឡាករដែលគ្មានតម្លៃផ្ទេរ ក្រោយពីបានបញ្ចប់កុងត្រាជាមួយនឹងក្លឹបជើងឯកលីគកំពូលបារាំង Paris Saint-Germain ក្រោយពីរួមរស់បានត្រឹមតែ ២ រដូវកាលប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Ligue 1 តាំងពីផ្ទេរពីក្លឹបសេះបង្កង់ Juventus កាលពីរដូវកាល ២០១៧ ។ Dani Alves ដែលជាកីឡាករដែលបានឈ្នះពានរង្វាន់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ចង់ប្ដូរបរិយាកាសទៅលេងនៅក្របខ័ណ្ឌ Premier League ម្ដង ក្រោយពីភ្លក់រសជាតិលីគធំចំនួន ៣ ដង ដូចជា La Liga , Serie A និងក្របខ័ណ្ឌ Ligue 1 ជាដើម មុនពេលព្យួរស្បែកជើង ។

ហើយការផ្លាស់ទៅលេងនៅលីគកំពូលអង់គ្លេស សម្រាប់រដូវកាលថ្មី មានរបាយការណ៍ជាច្រើនបានអះអាងថា Alves ចង់ជួបជុំគ្នាជាមួយនឹងលោក Pep Guardiola វិញ ដែលកំពុងដឹកនាំក្លឹបជើងឯកអង់គ្លេស Manchester City ដែលកន្លងមកពួកគេធ្លាប់ធ្វើការជាមួយគ្នាកាលពីនៅក្លឹប Barcelona ។ ប៉ុន្តែកិច្ចព្រមព្រៀងរវាង Alves និងក្លឹបយក្សអង់គ្លេសមួយនេះ មិនទាន់កើតមាននៅឡើយនោះទេ ខណះមានក្លឹបធំៗជាច្រើនសុទ្ធសឺងតែចង់បានខ្សែការពារជើងចាស់រូបនេះចូលរួមជាមួយក្រុមរបស់ពួកគេ ៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី