កំពូលកីឡាករអាស៊ានទាំង ៥ រូប ដែលរកគ្រាប់បានច្រើនបំផុតឱ្យជម្រើសជាតិ ក្នុងនោះក៏មានកម្ពុជាដែរ

46371
  • ៥/ ហុក សុចិត្រា (កម្ពុជា) ស៊ុតបញ្ចូលទីបានចំនួន ៤២ គ្រាប់ (ចូលនិវត្តន៍)

    លោក ហុក សុចិត្រា ជាអតីតខ្សែប្រយុទ្ធដ៏អស្ចារ្យមួយរូបក្នុងប្រវត្តិសាស្រ្ដក្រុមជម្រើសជាតិកម្ពុជា ។ លោក ហុក សុចិត្រា បានលេងឱ្យក្រុមជម្រើសជាតិកម្ពុជា ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០០៣ ដោយស៊ុតបញ្ចូលទីបាន ៤២ គ្រាប់ក្នុងការបង្ហាញខ្លួន ៦៤ ប្រកួត ។ កេរ្តិ៍ឈ្មោះរបស់លោក ហុក សុចិត្រា ល្បីរន្ទឺខ្លាំងក្នុងពិភពបាល់ទាត់អាស៊ានមិនចាញ់ សេនា មឿង របស់ថៃប៉ុន្មាននោះទេ ជាពិសេសគឺនៅស៊ីហ្គេមឆ្នាំ ១៩៩៧ ដែលពេលនោះលោកស៊ុតបញ្ចូលទីបាន ៤ គ្រាប់ក្នុង ៤ ប្រកួត ។

    ៤/ Le Cong Vinh (វៀតណាម) ស៊ុតបញ្ចូលទីចំនួន ៥១ គ្រាប់ (ចូលនិវត្តន៍)

    Le Cong Vinh វិញស៊ុតបញ្ចូលទី ៥១ គ្រាប់ឱ្យក្រុមជម្រើសជាតិវៀតណាម ក្នុងការចូលលេង ៨៣ ប្រកួតចន្លោះពីឆ្នាំ ២០០៤ ដល់ ២០១៦ ។ ក្រៅពីលេងនៅក្លឹបក្នុងស្រុក អតីតខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះធ្លាប់ត្រូវបានក្លឹបនៅព័រទុយហ្គាល់ និង ជប៉ុនខ្ចីជើងទៅលេងរយៈពេលខ្លីផងដែរ ។

    ៣/ Phil Younghusband (ហ្វីលីពីន) ស៊ុតបញ្ចូលទីបានចំនួន ៥២ គ្រាប់ (លេងរហូតដល់បច្ចុប្បន្ន)

    ខ្សែប្រយុទ្ធកូនកាត់ហ្វីលីពីន-អង់គ្លេស វ័យ ៣១ ឆ្នាំរូបនេះបានកសាងកេរ្តិ៍ឈ្មោះដល់កំពូល ពេលចូលលេងក្នុងក្រុមជម្រើសជាតិហ្វីលីពីន កាលពីឆ្នាំ ២០០៦ ។ ចាប់តាំងពីពេលនោះរហូតបច្ចុប្បន្ន Phil ស៊ុតបញ្ចូលទី ៥២ គ្រាប់ក្នុងការបង្ហាញខ្លួន ១០៨ ប្រកួត ។ មុនមកកាន់ប្រទេសហ្វីលីពីន កីឡាករវ័យ ៣០ ឆ្នាំរូបនេះ គឺជាកីឡាករយុវជននៅក្លឹបតោខៀវ Chelsea របស់អង់គ្លេស (ពីឆ្នាំឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០៤) ។

    ២/ Fandi Ahmad (សិង្ហបុរី) ស៊ុតបញ្ចូលទិបានចំនួន ៥៥ គ្រាប់ (ចូលនិវត្តន៍)

    Fandi Ahmad គឺជាកីឡាករជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្ដបាល់ទាត់សិង្ហបុរី ។ អតីតខ្សែប្រយុទ្ធរូបនេះស៊ុតបញ្ចូលទីបាន ៥៥ គ្រាប់ក្នុងការបង្ហាញខ្លួន ១០១ ប្រកួតក្នុងក្រុមជម្រើសជាតិសិង្ហបុរី ចន្លោះពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៧ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺលោក Ahmad ធ្លាប់ទៅលេងនៅក្លឹប Groningen របស់ហូឡង់ពីឆ្នាំ ១៩៨៣ ដល់ឆ្នាំ ១៩៨៥ ហើយបានស៊ុតបញ្ចូលទីក្រុមយក្សអ៊ីតាលីក្លិប Inter Milan ក្នុងក្របខណ្ឌ UEFA Cup (បច្ចុប្បន្នក្របខ័ណ្ឌ Europa League) ទៀតផង ។

    ១/ Kiatisuk Senamuang (ថៃ) ស៊ុតបញ្ចូលទីបានចំនួន ៧១ គ្រាប់ (ចូលនិវត្តន៍)

    Kiatisuk Senamuang ជាអតីតខ្សែប្រយុទ្ធកំពូលរបស់ថៃ ដែលស៊ុតបញ្ចូលទីបាន ៧១ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣៤ ប្រកួតឱ្យក្រុមជម្រើសជាតិថៃចន្លោះពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៧ ។ ក្រៅពីលេងនៅក្លឹបក្នុងស្រុក Senamuang ក៏ត្រូវក្លឹបនៅក្រៅប្រទេសចុះកុងត្រាផងដែរ ដូចជាក្លឹបនៅម៉ាឡេស៊ី សិង្ហបុរី និង វៀតណាម ជាដើម ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី