អ្នកចាត់ការក្លិបកំពង់ចាម អះអាងថា អភិបាលខេត្តថ្មីសន្យានឹងជួយស្រោចស្រង់ក្លឹបឱ្យខ្លាំងជាងនេះ

16472

លោក ស្រេង វ៉ាន់ណូ អ្នកចាត់ការក្លិបខេត្តកំពង់ចាម បានចូលជួបជាមួយឯកឧត្តម អ៊ុន ចាន់ដា ដែលជាអភិបាលខេត្តថ្មីកាលរសៀលថ្ងៃពុធទី ១០ ខែកក្កដា កន្លងទៅនៅគេហដ្ឋានឯកឧត្តមផ្ទាល់តែម្ដងដើម្បីសំណេះសំណាលពីការងារបាល់ទាត់ ។

អ្នកចាត់ការក្លិបខេត្តកំពង់ចាម ដដែលឱ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះក្លិបខេត្តកំពង់ចាម ដែលកំពុងប្រកួតប្រជែងនៅក្របខណ្ឌ Metfone Cambodian League ហើយថា ឯកឧត្តម នឹងខិតខំខ្នះខ្នែងជួយជ្រោមក្លិបនេះឱ្យកាន់តែប្រសើរឡើង ។

លោក ស្រេង វ៉ាន់ណូ រៀបរាប់៖ ” ខ្ញុំបានចូលទៅជួបឯកឧត្តមអភិបាលខេត្តនៅគេហដ្ឋានរបស់គាត់ ។ គាត់បានសួរនាំពីក្លិបបាល់ទាត់ខេត្តកំពង់ចាម ហើយយើងទទួលបានការស្វាគមន៍ពីគាត់ និង យកចិត្តទុកដាក់ពីគាត់ផងដែរ ។ គាត់បានប្រាប់យើងថា គាត់នឹងជួយពេញទំហឹងតែម្ដង ។ ទីមួយគឺគាត់សំដៅទៅលើទីលាន ។ ព័ត៌មានមួយទៀតនៅសប្ដាហ៍ក្រោយថ្នាក់ដឹកនាំក្លិប Singburi នឹងមកកំពង់ចាមម្ដងទៀត ហើយក៏សូមជួបឯកឧត្តមអភិបាលខេត្តដែរ ” ។

លោក ស្រេង វ៉ាន់ណូ បន្ថែមថា ឯកឧត្តម អ៊ុន ចាន់ដា ក៏បានឧបត្ថម្ភថវិកាមួយចំនួនជាសោហ៊ុយធ្វើ់ដំណើរទៅកាន់ខេត្តសៀមរាប សម្រាប់ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលជាមួយម្ចាស់ផ្ទះក្រុមកំពុងឡើងជើង អង្គរថាយហ្គឺរ នៅថ្ងៃអាទិត្យទី ១៤ ខែកក្កដា ឆ្នាំ ២០១៩ នេះ ៕

ដោយ៖ តារា

ប្រភព :
CNCC
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី