Marcelo ៖ វាជារដូវកាលទី ១៤ របស់ខ្ញុំ តែខ្ញុំនៅតែមានភាពរីករាយដូចពេលដែលខ្ញុំទើបនឹងមកដល់

9775
  • ខ្សែការពារស្លាបឆ្វេងសញ្ជាតិប្រេស៊ីល Marcelo Vieira da Silva Júnior បើទោះបីជាឈានដល់រដូវកាលទី ១៤ របស់ខ្លួននៅក្នុងក្លឹប Real Madrid យ៉ាងណាក៏ដោយ ក៏កីឡាកររូបនេះនៅតែប្ដេជ្ញាចិត្តសាងភាពជោគជ័យជាមួយក្លឹបកំពូលមួយនេះ ជាបន្តទៀត ។

    Marcelo បាននិយាយទៅកាន់ទូរទស្សន៍ Realmadrid TV អំឡុងពេលហ្វឹកហាត់នៅ Montreal ត្រៀមប្រកួតបើករដូវកាល ២០១៩/២០ នេះថា៖ ” យើងកំពុងប្រឹងប្រែងធ្វើការយ៉ាងខ្លាំង យើងចង់ផ្តល់នូវអ្វីដែលល្អបំផុតនៅទីនេះ ហើយគោលដៅរបស់យើង គឺឈ្នះគ្រប់យ៉ាង ប្រសិនបើយើងមានសុខភាពរាងកាយល្អនោះវានឹងជួយ ហើយយើងនឹងលេងមុនបើករដូវកាលដើម្បីផ្តល់ភាពរីករាយដល់អ្នកគាំទ្ររបស់យើង “។

    ខ្សែការពារវ័យ ៣១ ឆ្នាំរូបនេះក៏បាននិយាយអំពីពាក្យចចាមអារ៉ាមទាក់ទងនឹងការចាកចេញរបស់ខ្លួនផងដែរ ហើយក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់គាត់ចំពោះក្លឹប Real Madrid ថា៖ “ដូចដែលខ្ញុំតែងតែនិយាយ ខ្ញុំកំពុងបំពេញក្តីសុបិន្តដោយកំពុងលេងនៅក្នុងក្លឹបដ៏ល្អបំផុតនៅលើពិភពលោក ។ មានភាពសប្បាយរីករាយដូចគ្នានៅពេលខ្ញុំមកដល់ ហើយមិនដែលផ្លាស់ប្តូរទេ “។

    សូមរំលឹកផងដែរថា Marcelo បានសាងភាពជោគជ័យ និង ភាពល្បីល្បាញជាមួយក្លឹបអធិរាជស Real Madrid អស់រយះពេល ១៤ ឆ្នាំមកហើយ បន្ទាប់ពីក្លឹបយក្សអេស្ប៉ាញមួយនេះបាននាំយករូបគេពីក្លឹបប្រេស៊ីល Fluminense កាលពីឆ្នាំ ២០០៧ ក្នុងតម្លៃខ្លួន ៨ លានដុល្លារ ក្រោយពីផ្ទេរមក Marcelon បានជួយឱ្យក្លឹបឈ្នះពានរង្វាន់ជាច្រើន ជាពិសេសពានរង្វាន់ La Liga និង Champions League ចំនួន ៤ ដងដូចគ្នា ៕

    ដោយ៖ តារា

    ប្រភព :
    Tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី