ឃើញលេងល្អពេក គ្រូ Spurs បានដាក់រហ្សសនាម Son ថាជា David Beckham របស់អាស៊ី

19547

អ្នកចាត់ការរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino បានធ្វើការប្រៀបធៀបតារាឆ្នើមរបស់ខ្លួនគឺ កីឡាករ Son Heung-Min ទៅនឹងអតីតកំពូលតារាបាល់ទាត់ លោក David Beckham របស់ក្លឹបបិសាចក្រហម Manchester United ។

លោក Pochettino បាននិយាយតាមរយៈសារព័ត៌មាន Straits Times បានថា៖ ” យើងអាចមើលឃើញពីក្ដីស្រឡាញ់របស់អ្នកគាំទ្រអាស៊ីចំពោះ Sonny គេជាវីរបុរសរបស់ពួកគេ ។ យើងបាននិយាយលេងសើចជាមួយគេ ប៉ុន្តែខ្ញុំបានប្រៀបធៀបគេជាមួយ David Beckham ” ។

លោក Pochettino បានពិនិត្យមើលពេលវេលារបស់កីឡាកររូបនេះនៅអង់គ្លេស ហើយបានទទួលស្គាល់ថា កីឡាកររូបនេះជួបការលំបាកនៅគ្រាចាប់ផ្ដើមដំបូងបន្ទាប់មកទើបគេអាចសម្របជាមួយប្រព័ន្ធលេងរបស់លោកបាន ។ លោកបានបន្តថា៖ ” រដូវកាលដំបូងរបស់គេរាងពិបាកបន្តិច គេពិបាកសម្របជាមួយស្ថានភាពនៅអង់គ្លេសជាមួយរបៀបលេងថ្មីជាមួយវប្បធម៌ និង ទម្លាប់ផ្សេងៗ ។ ប៉ុន្តែបន្ទាប់ពីឆ្លងផុតរដូវកាលដំបូងសមត្ថភាពសម្របរបស់គេ គឺមិនគួរឱ្យជឿ ហើយគេបានក្លាយជាកីឡាករមួយរូបដ៏សំខាន់របស់យើង” ។

សូមបញ្ជាក់ផងដែរថា Son Heung-Min មិនមែនជាកីឡាករដំបូងដែលត្រូវបានដាក់រហសនាមថាជាលោក David Beckham របស់អាស៊ីនោះទេ ប៉ុន្តែរហសនាមមួយនេះធ្លាប់ត្រូវបានគេដាក់ឱ្យអតីតកីឡាករជម្រើសជាតិជប៉ុន Hidetoshi Nakata មកម្លេះ ៕

ដោយ៖ តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី