នាយកប្រតិបត្តិ Atletico Madrid ថា ក្លឹបបើកទ្វារស្វាគមន៍ជានិច្ចសម្រាប់ Jame Rodriguez

20394

នាយកប្រតិបត្តិក្លឹប Atletico Madrid លោក Miguel Angel Gil Marin បានសារភាពថា វាពិតជាល្អណាស់ប្រសិនបើកីឡាករ James Rodriguez ផ្ទេរពីក្លឹប Real Madrid មកចូលរួមជាមួយក្រុមរបស់លោកនារដូវក្ដៅនេះ នេះបើយោងតាមការចុះផ្សាយរបស់វិបសាយ Goal ។

ខ្សែបម្រើកណ្តាលរបស់ក្លិប Real Madrid រូបនេះបានចំណាយពេលពីររដូវកាលខ្ចីជើងទៅលេងនៅក្លឹប Bayern Munich ប៉ុន្តែពេលនេះបានវិលត្រឡប់មកកាន់ទឹកដី Santiago Bernabeu វិញ ក្រោយពីម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga បានសម្រេចមិនទិញយកផ្ដាច់កីឡាកររូបនេះ ។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ៦៧ ប្រកួតសម្រាប់ក្លឹប Bayern Munich ស៊ុតបញ្ចូលទីបាន ១៥ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ២០ ដង និងត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Napoli ជាកន្លែងដែលគាត់នឹងអាចជួបជុំជាមួយអតីតគ្រូបង្វឹក ( Bayern &R.Madrid ) លោក Carlo Ancelotti ប៉ុន្តែពត៌មាននោះបានស្ងប់ស្ងាត់ទៅវិញ ។

លោក Gil Marin បានប្រាប់ទៅ ESPN (តាមរយៈ AS.com) ថា៖ ” ខ្ញុំដឹងថា ក្លិបជាច្រើនចង់បានគាត់ ( Jame ) ។ សូម្បីតែនិយាយទៅកាន់កីឡាករ គាត់ជឿជាក់ថាមានគុណសម្បត្តិដែលកីឡាករអាចនាំយក ហើយវាល្អសម្រាប់យើង ។ ខ្ញុំដឹងថាគ្រូបង្វឹករបស់យើង (លោក Diego Simeone) ចូលចិត្តគាត់ ខ្ញុំដឹងថា James មិនចង់បន្តនៅ Real Madrid ហើយខ្ញុំក៏ដឹងថាក្រុម Real Madrid មិនចង់ឱ្យគាត់បន្តទៀតដែរ ប៉ុន្តែត្រូវតែមានកាលៈទេសៈជាច្រើនដើម្បីធ្វើឱ្យវាអាចទៅរួច ។ វាពិតជាល្អណាស់ ប៉ុន្តែវាអាស្រ័យទៅលើប្រធានក្លិប Real Madrid ប៉ុណ្ណោះ ” ៕

សូមរំលឹកផងដែរថា James Rodriguez បានផ្លាស់មកលេងឱ្យក្លឹបអធិរាជស Real Madrid កាលពីឆ្នាំ ២០១៤ ក្រោយពីឈ្នះស្បែកជើងមាសប្រចាំព្រឹត្តិការណ៍ FIFA World Cup 2014 នៅប្រេស៊ីល ពីក្លឹប AS Monaco ដោយបង្ហាញខ្លួនចំនួន ១១១ លើក ស៊ុតបញ្ចូលទីបានចំនួន ៣៦ គ្រាប់ ៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី