Facebook លុបចោលគណនីនិងទំព័រហ្វេសបុកជាង ១ ពាន់ដែលមានប្រភពពីថៃ និង ៣ ប្រទេសផ្សេងទៀត

21985
  • ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមអាមេរិក Facebook បានឲ្យដឹងកាលពីថ្ងៃទី ២៦ ខែកក្កដា នេះថា គណនីអ្នកប្រើប្រាស់ចំនួន ២៩៤ និងទំព័រសរុបចំនួន ១,៥០៩ ទំព័រ ដែលមានប្រភពចេញពីប្រទេសរុស្ស៊ី អ៊ុយក្រែន ថៃ និង ហុងឌូរ៉ាស់ ត្រូវបានលុបចេញពីបណ្តាញសង្គមយក្សនេះក្រោមហេតុផលថា ជាគណនីដែលមានឥរិយាបថមិនត្រឹមត្រូវ ឬ ល្មើសនឹងបទបញ្ជារបស់ Facebook ។

    ក្រុមហ៊ុន Facebook បានគូសបញ្ជាក់ថា ការលុបចោលគណនីអ្នកប្រើប្រាស់ និង ទំព័រទាំងនោះ គឺផ្អែកលើអាកប្បកិរិយារបស់ពួកគេ នៅក្នុងការផ្សព្វផ្សាយ និង ប្រើប្រាស់តែម្តង ។
    ជុំវិញចំណាត់ការខាងលើនេះ លោក ណាថាញែល គ្លៃឈើ (Nathaniel Gleicher) ដែលជាប្រធានផ្នែកគោលនយោបាយនៃសន្តិសុខអ៊ីនធើណេត បានសរសេរអ៊ីមែលផ្ញើជូនទៅ សារព័ត៌មាន Reuters យ៉ាងដូច្នេះថា៖ ” នៅក្នុងករណីនីមួយៗមនុស្សដែលនៅពីក្រោយសកម្មភាពនេះបានសហការគ្នាយ៉ាងល្អ ដោយបានប្រើគណនីក្លែងក្លាយ ដើម្បីក្លែងបន្លំថាជាខ្លួនរបស់ពួកគេ ” ។

    គួរជម្រាបថា ការបើកយុទ្ធនាការបង្ក្រាបលើគណនីបែបនេះ នៅទូទាំងពិភពលោករបស់ក្រុមហ៊ុន Facebook កើតឡើងនៅក្រោយពេលដែលការរិះគន់ ចេះតែធ្លាក់មកជាបន្តបន្ទាប់ពីសំណាក់សហគមន៍អន្តរជាតិ ស្តីពីភាពយឺតយ៉ាវក្នុងការបង្កើតឧបករណ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពជ្រុលនិយម និង ឃោសនាបោកប្រាស់នានានៅលើបណ្តាញសង្គមហ្វេសប៊ុក ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី