ឈានចូលសប្តាហ៍ទី៧ ក្រុមវិទ្យាល័យចាក់អង្រែ បន្តឈរបាតតារាង ខណៈកីឡាករ គី រីណា ១ប្រកួតរកបាន៥គ្រាប់ម្នាក់ឯង

35343
  • វិទ្យាល័យចាក់អង្រែ បន្តឈរបាតតារាងក្រោយចាញ់ ក្រុមឥន្ទ្រទេវី ៧ ទល់ ០ ខណៈកីឡាករ គី រីណា រកបាន ៥ គ្រាប់ម្នាក់ឯង ។គ្រាប់បាល់ជ័យជំនះរបស់ ឥន្ទ្រទេវី រកបានដោយកីឡាករ គី រីណា ៥ គ្រាប់ម្នាក់ឯង នៅនាទី ២ , ៧ , ១៩ , ៣៤ , ៧៧ និង ពីរគ្រាប់ទៀតរកបានដោយកីឡាករ សំណាង ពេជ្យម៉ាណិត នៅនាទី៨២ និង ១ គ្រាប់ចុងក្រោយរកបានដោយកីឡាករ វឿន វ៉ា ។ ចំណែកមួយប្រកួតទៀត ក្រុមម្ចាស់បឹងត្របែក ចាញ់ វិទ្យាល័យ ព្រះស៊ីសុវត្តិ ៣ ទល់ ១ នៅក្នុងសប្តាហ៍ទី៧ នៃការប្រកួតបាល់ទាត ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ ២០១៩ ។

    ឆ្លងកាត់ ៦ ប្រកួត ក្រុមវិទ្យាល័យឥន្ទ្រទេវី ឈរលេខ ២ ក្នុងតារាង ដោយមាន ១៦ ពិន្ទុ ដោយឆ្លង ឈ្នះ ៥ ស្មើរ ១ លេខ ៣ ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី ដោយ ៦ ប្រកួត ឈ្នះ ៤ ស្មើរ ១ ចាញ់ ១ មាន ១៣ ពិន្ទុ ចំណែកឯ វិទ្យាល័យ ចាក់អង្រែ ៦ ប្រកួតចាញ់ទាំង ៦ សូន្យពិន្ទុ នៅបាតតារាង ។ ចំពោះការប្រកួតសប្តាហ៍ក្រោយ ក្រុម វិទ្យាល័យឥន្ទ្រទេវី ប៉ះ ក្រុម វិទ្យាល័យ ឬស្សីកែវ នៅទីលានវិទ្យាល័យច្បារអំពៅ និង ក្រុមវិទ្យាល័យ ភ្នំពេញថ្មី ប៉ះ ក្រុមសាលា វេស្ទឡាញន៍ នៅទីលានវិទ្យាល័យបឹងត្របែក វេលាម៉ោង ១៥:៣០ នាទីដូចគ្នា ។

    គួររំលឹកថា ពានបាល់ទាត់វិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សហព័ន្ធ យុវជន កម្ពុជារាជធានីភ្នំពេញ  និង សមាគមក្លឹបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើក កម្ពស់ វិស័យកីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានសកម្មភាពរស់រវើក និង រីកចំរើន កាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយ ពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ ក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានាទាំងគ្រឹះស្ថានអប់រំ ចំណេះទូទៅរដ្ឋ និងឯកជន ។

    សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើស ជើងឯក វិទ្យាល័យ លើកទី១ ឆ្នាំ ២០១៩ ទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និង ក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី