ក្ដៅៗ Bale យល់ព្រមចុះកុងត្រា ៣ ឆ្នាំជាមួយក្លឹបចិន ដោយទទួលប្រាក់ឈ្នួលជាង ១ លានផោន/១សប្ដាហ៍

12143
  • បើយោងតាមរបាយការណ៍របស់ការសែតល្បីប្រចាំប្រទេសអេស្ប៉ាញ Marca បានឱ្យដឹងថា ខ្សែប្រយុទ្ធកំពូលល្បឿន Gareth Bale ទីបំផុតបានឈានដល់ផ្លូវបំបែកជាមួយក្លឹប Real Madrid ហើយ ដោយត្រូវផ្លាស់ទៅកាន់ក្លឹប Jiangsu Suning ដែលជាក្រុមអ្នកមានលេងនៅក្របខ័ណ្ឌ Chinese Super League ( លីគកំពូលចិន ) ។

    ប្រភពខាងលើបានឱ្យដឹងថា សមាជិកក្រុមជម្រើសជាតិវេលស៍ វ័យ ៣០ ឆ្នាំរូបនេះនឹងត្រូវចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំដែលនឹងធ្វើឱ្យ Gareth Bale រកប្រាក់បានច្រើនជាង ១ លានផោនក្នុងមួយសប្តាហ៍ ដែលព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះមិនសូវទម្លាយឱ្យដឹងប៉ុន្មាននោះទេ ប៉ុន្តែគេជឿជាក់ថាកិច្ចសន្យានោះត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរហើយ រង់ចាំតែថ្ងៃប្រកាសជាផ្លូវការប៉ុណ្ណោះ ។ ប្រសិនបើការផ្ទេរនេះពិតជាកើតឡើងមែន នោះក្ដីស្រម៉ៃរបស់លោក Zinedine Zidane ដែលជាគ្រូបង្វឹករបស់អធិរាជស Real Madrid ក្នុងការប៉ុនប៉ងលក់ Bale ចេញពីទឹកដី Santiago Bernabeu ក្នុងរដូវក្តៅនេះបានសម្រេចហើយ ។

    សូមរំលឹកផងដែរថា Gareth Bale បានកសាងភាពល្បីល្បាញ និងឈ្នះពានរង្វាន់ជាច្រើន ក្រោយពីចូលរួមជាមួយក្លឹប Real Madrid ពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក្នុងតម្លៃបំបែកកំណត់ត្រា ១០០ លានអឺរ៉ូ កាលពីឆ្នាំ ២០១៣ ។ ក្រោយពីចំណាយពេល ៦ រដូវកាលជាមួយក្លឹបយក្សអេស្ប៉ាញ កីឡាកររូបនេះជួយឱ្យក្លឹបឈ្នះពានជាច្រើន ជាពិសេសឈ្នះក្របខ័ណ្ឌ Champions League ចំនួន ៤ ដង ជាមួយការបង្ហាញខ្លួនចំនួន ២៣១ ប្រកួត ស៊ុតបញ្ចូលទី ១០២ គ្រាប់ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី