
ក្រុមដែលមានរហស្សនាមថាក្ងានសួគ៌ Swansea City នៃសមាជិកលីហ្គកំពូលអង់គ្លេសបានលត់ក្រុម Notts County ជាមួយនឹងលទ្ធផលធំធេងមែនទែន ៨-១ បានឡើងទៅជុំទី៥ បន្តនៃពាន FA Cup កាលពីរាត្រីថ្ងៃអង្គារម្សិលម៉ិញនេះក្នុងកីឡដ្ឋាន Liberty Stadium។កីឡាករ Tammy Abraham ជាអ្នកស៊ុតបើកការនាំមុខមុន ១-០ ក្រោយការបញ្ចូនបាល់ពី Lucioano Narsingh នាទីទី១៨ មុនពេលដែលកីឡាករ Nathan Dyer ធ្វើបាន ២គ្រាប់នៅ ១០នាទីក្រោយបានយ៉ាងល្អដើម្បីនាំមុខ ៣-០ ក៏ប៉ុន្តែកីឡាករ Nott County សងបានមួយគ្រាប់វិញ ដោយថ្វីជើងពីចម្ងាយរបស់ Noor Husin នាទីទី៣៥ តាមពីក្រោយ ៣-១ តែមុនចប់ពោលគឺនាទីទី៤៥ កីឡាករដែលស៊ុតគ្រាប់ទី១ Tammy Abraham ជាអ្នកបន្ថែមការនាំមុខ ៤-១ នឹងជាគ្រាប់ទី២ របស់គេ។
ដោយឡែកឯការប្រកួតបន្តក្នុងវគ្គទី២ ម្ចាស់ផ្ទះក្ងានសួហ៍ Swansea City ក៏បន្តធ្វើបានល្អអស្ចារ្យ ៤៥នាទីចុងក្រោយ ដោយពួកគេអាចរកគ្រាប់បាល់បានដល់ទៅ ៤គ្រាប់ទៀតក្នុងនោះកីឡាករ Kyle Naughton ធ្វើបាននៅនាទីទី៥៣ គ្រាប់នាំមុខ ៥-១ ហើយ ៤នាទីក្រោយមកទៀតកីឡាករ Wayne Routledge សម្រេចគ្រាប់នាំមុខ ៦-១ នៅនាទីទី៥៧ កីឡាករ Thomas Carroll ធ្វើបានមួយគ្រាប់ដែរនៅនាទីទី៦៥ នាំមុខ ៧-១ នឹងគ្រាប់ចុងក្រោយបំផុតនៅនាទីទី៨២ ដោយកីឡាករប្ដូរចូល Daniel Jame ដែលជាការបញ្ចូលបាល់ពី Tammy Abraham បញ្ចប់ការប្រកួតក្រុម Swansea City ឈ្នះលើសលុប ៨-១ ទៅលើ Nott County ឆ្លងផុតជុំទី៤ នៅ FA Cup។
ដូច្នេះក្រុម Swansea City នឹងឡើងទៅជួបជាមួយក្រុម Sheffield Wednesday នៃសមាជិកលីហ្គលំដាប់ទី២ នៅថ្ងៃទី១៧ ខែកុម្ភៈខាងមុខនេះ។ លទ្ធផលផ្សេងទៀតមានដូចជា Huddersfield Town ឈ្នះ Birmingham City ៤-១ និង Rochdale ឈ្នះ Millwall ១-០ ផងដែរ៕
ដោយ៖ តារា