Ronaldo ៖ Neymar គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយខ្ញុំក៏ចុះសម្រុងនឹងគេដែរ ប៉ុន្តែគេនឹងបន្តនៅ PSG

26536
  • កីឡាករ Cristiano Ronaldo ជឿជាក់យ៉ាងខ្ពស់ថា អតីតតារាឆ្នើមរបស់ក្លឹប FC Barcelona គឺខ្សែប្រយុទ្ធឆ្នើម Neymar Jr នឹងបន្តស្នាក់នៅជាមួយក្លឹប Paris Saint-Germain ។

    ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ ២៧ ឆ្នាំ Neymar មានពាក្យចចាមអារាមយ៉ាងខ្លាំងអំពីការចាកចេញពីទឹកដីបារាំង ចាប់តាំងពីកីឡាកររូបនេះបានប្រាប់ទៅកាន់លោក Thomas Tuchel ដែលជាគ្រូបង្វឹកថា ខ្លួនចង់ចាកចេញពី Paris Saint-Germain តាំងមុនការប្រកួតពានរង្វាន់ Copa America មកម្លេះ ។ ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga ក្លឹប Barcalona ត្រូវបានគេរាយការណ៍ថា បានផ្តល់ប្រាក់ ១០០ លានអឺរ៉ូ (៩៤ លានផោន / ១១១ លានដុល្លារអាមេរិក) បូកបន្ថែមជាមួយនឹងកីឡាករឆ្នើមចំនួន ២ រូបទៀត ក្នុងគោលបំណងដើម្បីចុះហត្ថលេខាជាថ្មីលើខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះ ក្រោយពីចំណាយរយៈពេល ២ ឆ្នាំនៅទឹកដីប្រទេសបារាំង ។

    Real Madrid ដែលជាអតីតក្លឹបរបស់ Cristiano Ronaldo និងក្លឹបបច្ចុប្បន្ន Juventus ក៏ត្រូវបានគេមើលឃើញថា សុទ្ធសឺងតែចង់បានកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របំផុតរូបនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់ពានរង្វាន់ Ballon D’or សញ្ជាតិព័រទុយហ្កាល់វ័យ ៣៥ ឆ្នាំរូបនេះជឿជាក់ថា Neymar ទំនងជានឹងបន្តនៅទឹកដី Parc des Princes បន្តទៀត ។

    Ronaldo បានប្រាប់ Marca ថា៖ ” ខ្ញុំមិនដឹងទេ ។ គាត់ (Neymar) គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយខ្ញុំចុះសម្រុងជាមួយគាត់ណាស់ ។ មានការពិភាក្សាជាច្រើនអំពីគាត់ សម្រាប់ Madrid , Barca និង Juve ។ វាជាការងាររបស់សារព័ត៌មាន ពីព្រោះអ្នកត្រូវលក់ការសែត ប៉ុន្តែខ្ញុំគិតថា គាត់នឹងបន្តស្នាក់នៅទីក្រុងប៉ារីស ហើយបើមិនដូច្នោះទេ រកមើលកន្លែងដែលគាត់សប្បាយចិត្ត និងកន្លែងដែលគាត់អាចលេងបាល់ទាត់របស់គាត់ ” ។

    តារាជើងស៊ុតជើងចាស់រូបនេះបន្តថា៖ “ ខ្ញុំសង្ឃឹមថា គាត់នឹងជៀសផុតពីការរងរបួស ព្រោះគាត់ធ្លាប់មានពួកវាច្រើន ហើយរឿងនោះដែលធ្វើឱ្យគាត់ព្រួយបារម្ភ ។ ខ្ញុំបារម្ភ ព្រោះខ្ញុំចូលចិត្តឃើញក្មេងប្រុសលេង ។ មិនថាគាត់លេងនៅទីណាទេ វាសំខាន់ណាស់ដែលគាត់មើលថែខ្លួនឯង ហើយគ្មានរបួសអ្វីឡើយ ។ នោះជាអ្វីដែលខ្ញុំចង់បានសម្រាប់គាត់ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី