
ប្រធានក្លឹបរបស់ FC Bayern Munich លោក Karl-Heinz Rummenigge បានបញ្ជាក់ថា អតីតគ្រូបង្វឹករបស់ Borussia Dortmund លោក Thomas Tuchel នឹងមិនមកជំនូសតំណែងរបស់ Jupp Heynckes នៅចុងរដូវកាលនេះទេ។
លោក Karl-Heinz Rummenigge
Heynckes អាចឈ្នះពានដល់ទៅបីក្នុងរដូវកាលនេះ ដូចដែលគាត់បានធ្វើកាលពីឆ្នាំ ២០១២-១៣ ដែរ នៅពេលដែលគាត់បានដឹកនាំកាលពីមុន។ ចាប់តាំងពីត្រូវបានតែងតាំងជំនួស Carlo Ancelotti កាលពីខែតុលាឆ្នាំមុនមក ក្រុម Bavarians (Bayern) ទទួលបានលទ្ធផលជាទីគាប់ប្រសើរជាច្រើន។ ប៉ុន្តែគ្រូបង្វឹកវ័យ ៧២ ឆ្នាំរូបនេះនឹងត្រូវចាកចេញនៅចុងរដូវកាលនេះ នៅពេលដែលក្លឹបរកគ្រូបង្វឹកថ្មីបាន ដែលនឹងត្រូវធ្វើការប្រកាសសម្រាប់រដូវកាល ២០១៨-១៩ ។ ទោះបីជាយ៉ាងណាក៏ដោយ Tuchel នឹងមិនអាចធ្វើជាគ្រូបង្វឹកជំនួស Heynckes បានឡើយ បន្ទាប់ពីគាត់បានយល់ព្រមដឹកនាំក្លឹបមួយផ្សេងទៀតរួចទៅហើយ។
លោក Thomas Tuchel
Rummenigge បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “ខ្ញុំកំពុងតែដោះស្រាយស្ថានភាពបច្ចុប្បន្ននេះ ហើយយើងនឹងធ្វើការប្រកាសពីគ្រូបង្វឹកថ្មីយ៉ាងយូរបំផុតត្រឹមចុងខែមេសានេះ ។ ប៉ុន្តែ យើងមិនប្រញាប់ប្រញាលពេកនោះទេ យើងនៅមានពេលគ្រប់គ្រាន់។ យើងបានជួលគ្រូបង្វឹកសម្រាប់ប៉ុន្មានថ្ងៃរួចហើយ មុនការចាប់ផ្តើមធ្វើការហ្វឹកហាត់។ ចំណុចសំខាន់នោះគឺ៖ យើងចង់បានគ្រូបង្វឹកដែលចេះនិយាយភាសាអាល្លឺម៉ង់។ ហើយនោះជាអ្វីដែលយើងចង់បាន”។
លោក Jupp Heynckes
“Hasan Salihamidzic ប្រធានផ្នែកកីឡារបស់យើងបានធ្វើការពិភាក្សាជាមួយគ្រូបង្វឹកមួយចំនួនដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការងារនេះ ហើយក្នុងចំណោមអ្នកទាំងនោះក៏មានលោក Tuchel ផងដែរ ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន Thomas Tuchel បានប្រាប់យើងថា គាត់បានចុះកុងត្រាជាមួយក្លឹបផ្សេងទៀតបាត់ទៅហើយ។ យើងត្រូវទទួលយកវា ប៉ុន្តែនេះមិនមែនជាបញ្ហាសម្រាប់យើងទេ ” ៕
ដោយ៖ Dara Hunii