អបអរសាទរ!! ប៉ូលីសប្រេស៊ីលបានបិទការស៊ើបអង្កេតពីបទរំលោភសេពសន្ថវៈរបស់ Neymar ហើយ

12994
  • ប៉ូលីសស៊ើបអង្កេតការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើតារាឆ្នើមរបស់ក្លឹប Paris Saint-Germain កីឡាករបាល់ទាត់ Neymar Jr បានប្រកាសថា ប៉ូលីសបានបិទការស៊ើបអង្កេតរបស់ពួកគេហើយ ដោយសារតែខ្វះភស្តុតាងក្នុងការចោទប្រកាន់ នេះបើយោងតាមការចុះផ្សាយរបស់ Goal.com ។

    ក្រុមអ្នកស៊ើបអង្កេតនៅឯស្ថានីយ៍ប៉ូលីសទីក្រុង សៅប៉ូឡូ ជាកន្លែងដែលស្ត្រីជនជាតិប្រេស៊ីលម្នាក់បានធ្វើការចោទប្រកាន់កាលពីខែឧសភា កន្លងទៅដោយបានបញ្ជាក់កាលពីថ្ងៃអង្គារថា ករណីនេះត្រូវបានបញ្ជូនទៅរដ្ឋអាជ្ញាសាធារណៈដែលមានរយៈពេល ១៥ ថ្ងៃ ដើម្បីធ្វើការវាយតម្លៃ និង សេចក្តីសម្រេចចុងក្រោយអំពីរឿងក្ដីរំលោភសន្ថវៈនេះ ។ ប៉ូលីសស៊ើបអង្កេតនៅទីក្រុង សៅប៉ូឡូ លោក Juliana Lopes Bussacos បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ “ខ្ញុំបានបញ្ចប់ការស៊ើបអង្កេតកាលពីម្សិលមិញ ។ ខ្ញុំមិនបានឃើញធាតុផ្សំគ្រប់គ្រាន់ដើម្បីធ្វើការចោទប្រកាន់ឡើយ” ។

    Neymar បានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងថា ខ្លួនបានរំលោភក្មេងស្រីរងគ្រោះនៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែងនៅទីក្រុងប៉ារីស កាលពីថ្ងៃទី ១៥ ខែឧសភា កន្លងទៅ ។ ស្ត្រីជនជាតិប្រេស៊ីលដែលជាជនរងគ្រោះបានអះអាងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយ SBT Brasil ថា នាងបានផ្ញើរសារឆ្លើយឆ្លងជាមួយខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំ Neymar នៅលើបណ្តាញសង្គម មុនពេលណាត់ជួបគ្នានៅឯសណ្ឋាគា Sofitel Paris Arc Du Triomphe ដែលជាទីកន្លែងកើតហេតុ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី