Samsung នៅតែកាន់តំណែងលក់ស្មាតហ្វូនដាច់បំផុត ខណះការលក់ Apple ថយចុះយ៉ាងខ្លាំង

23761
  • ក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បានបញ្ចេញរបាយការណ៍បង្ហាញអំពីទីផ្សារស្មាតហ្វូនលើសកលលោក ប្រចាំត្រីមាសទី ២ ឆ្នាំ ២០១៩ ដែលគិតចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣១ ខែមិថុនា ឆ្នាំ ២០១៩ នេះ ។

    ផ្អែកតាមទិន្នន័យខាងលើបង្ហាញថា ត្រកូល Galaxy S10 និង ស្មាតហ្វូន Mid-Range ជាច្រើនរបស់ Samsung បានជួយឱ្យក្រុមហ៊ុននេះកើនឡើងចំនួនលក់ ៧,១% ធៀបនឹងឆ្នាំមុន ដោយលក់បានសរុប ៧៦,៦ លានគ្រឿង ក្ដោបក្ដាប់ទីផ្សារបាន ២១,៣% ឈរនៅតំណែងលេខ ១ ។ ចំណែកក្រុមហ៊ុន Huawei ស្ថិតនៅតំណែងលេខ ២ អាចលក់ស្មាតហ្វូនបាន ៥៦,៧ លានគ្រឿង កើនឡើង ៤,៦% ក្ដោបក្ដាប់ទីផ្សារពិភពលោក ១៥,៨% ។

    Apple ឈរនៅតំណែងលេខ ៣ ដោយចំនួនលក់មិនបានកើនឡើងដូចក្រុមហ៊ុនទាំង ២ ខាងលើនោះឡើយ ។ នៅត្រីមាសទី ២ នេះ ក្រុមហ៊ុន Apple លក់ស្មាតហ្វូន iPhone បានសរុប ៣៦,៤ លានគ្រឿង ធ្លាក់ចុះ ១១,៩% បើធៀបនឹងឆ្នាំមុន ក្ដោបក្ដាប់ទីផ្សារ ១០,១% ។ Apple មិនមែនថយចុះតែម្នាក់ឯងនោះទេ ក្រុមហ៊ុន LG របស់កូរ៉េខាងត្បូងក៏ថយចុះចំនួនលក់ដែរ ពោលថយចុះ ១៨,៥% អាចលក់ស្មាតហ្វូនបានចំនួន ៨ គ្រឿងនៅត្រីមាសទី ២ ឆ្នាំ ២០១៩ ប៉ុណ្ណោះ ។

    ការលក់កើនឡើងខ្លាំងជាងគេ គឺ Realme ដែលជាក្រុមហ៊ុនបំបែកខ្លួនចេញពី OPPO ។ នៅអំឡុងពេល ៣ ខែកន្លងទៅនេះ Realme អាចលក់ស្មាតហ្វូនបាន ៤,៧ លានគ្រឿង កើនឡើង ៨៤៨% ឯណោះ ។ ចំណែក HMD ដែលផលិតទូរសព្ទម៉ាក Nokia អាចលក់ស្មាតហ្វូនបាន ៤,៨ លានគ្រឿង កើនឡើង ២០% ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី