
ក្រុមអ្នកលេងតន្ត្រីរបស់កូរ៉េខាងជើង បានធ្វើដំណើរមកដល់កំពង់ផែ Mukho របស់កូរ៉េខាងត្បូងហើយនៅថ្ងៃពុធទី7 ខែកុម្ភៈនេះ បន្ទាប់ពីមានការលើកលែងដោយការដាក់ទណ្ឌកម្មដ៏កម្រមួយ ពីទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងលើកដំបូងក្នុងរយៈពេល 16ឆ្នាំ បន្ទាប់ពីដំណើរទស្សនកិច្ចលើកមុនរបស់ខ្លួន។តាមសេចក្ដីរាយការណ៍មួយបានឲ្យដឹងថា ក្រុមតន្ត្រីដែលមានទាំងបុរសនឹងស្ត្រីនោះមានចំនួន 140នាក់នឹងត្រូវសម្ដែងអំឡុងពេលប្រកួតកីឡាអូឡាំពិករដូវរងា។
ក្នុងនោះក្រុមសិល្បៈដែលមកពីកូរ៉េខាងជើង ត្រូវបានដឹកនាំដោយតារាចម្រៀង និងសម្ដែង Hyun Song Wol ហើយគ្រោងនឹងសម្ដែងលើកដំបូងនៅ Gangneung ពោលគឺនៅជិតទីលានប្រកួតនៃទីក្រុង Pyeongchang នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ និងនៅសេអ៊ូលនៅថ្ងៃអាទិត្យចុងសប្ដាហ៍ផងដែរ។ ការមកដល់នៃនាវាដឹកអ្នកដំណើរដ៏ធំមានឈ្មោះ Mangyongbong 92 ដែលវាមានទម្ងន់ដល់ទៅ 9,700តោន គឺជាសញ្ញាថ្មីមួយនៃការរលាយបាត់នៅក្នុងទំនាក់ទំនងឧបទ្វីបកូរ៉េទាំងពីរ ក្រោយពីភាពតានតឹងជាច្រើនខែកន្លងទៅអំពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងនិងកូរ៉េខាងជើង នឹងដើរដង្ហែអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូរវរងា ដោយទង់ជាតិកូរ៉េតែមួយនៅឯពិធីបើកការប្រកួត ខណៈដែលកូរ៉េទាំងពីរមានក្រុមកីឡាហុកគីលើទឹកកកស្ត្រីរួមគ្នា៕
ដោយ៖ តារា