ទិវាម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ លើកទី៦ ឆ្នាំ ២០១៩ មានអ្នកចូលរួមកើនឡើង ១៥% បើធៀបនឹងឆ្នាំ២០១៨

47114
  • ទិវាម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ លើកទី៦ ឆ្នាំ ២០១៩ ដែលគ្រោងនឹងធ្វើនាថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៩ នៅខេត្តសៀមរាប ដែលបន្ថែមអត្ថន័យសំខាន់មួយទៀត ដើម្បីបន្តដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ នាឆ្នាំ ២០២៣ ខាងមុខ គិតត្រឹមថ្ងៃនេះមានអត្តពលិកចុះឈ្មោះសរុប ៣១០០ នាក់ កើនឡើង ១៥% បើធៀបនឹងឆ្នាំ ២០១៨ កន្លង ។

    លោក សែម ផល្លា នាយកគ្រប់គ្រងទិវារត់ប្រណាំងម៉ារ៉ាតុង មានឱ្យដឹងថា គិតត្រឹមថ្ងៃនេះ មានអ្នកចុះឈ្មោះជាតិ និងអន្តរជាតិ ចុះឈ្មោះសរុប ៣១០០ នាក់ មកពី ៥០ ប្រទេសក្នុងនោះអ្នករត់ជាជនជាតិបរទេស ១៦៥៥ នាក់ ជនជាតិកម្ពុជាមានចំនួនប្រមាណ ១១៤៥ នាក់ ខណៈចិនឈរ លេខ១ ជប៉ុនលេខ ២ ម៉ាឡេស៊ីលេ ខ៣ ។
    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ថា ព្រឹត្តការណ៍ ម៉ារ៉ាតុងអន្តរជាតិឆ្នាំនេះ បន្ថែមអត្ថន័យសំខាន់មួយទៀត គឺអបអរដំណើរឆ្ពោះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាទទួលសិទ្ធជាម្ចាស់ផ្ទះខាងមុខនេះ ។ ឯកឧត្តម បន្ដថា Full Marathon ឆ្នាំនេះនឹងមានការកើនឡើងជាងឆ្នាំមុន ខណៈគណៈកម្មការរៀបចំការប្រកួតកំពុងខិតខំសម្រួលឱ្យកាន់តែមានគុណភាពនូវព្រឹត្តិការណ៍កីឡាទេសចរណ៍មួយនេះទទួលបាន ការទាក់ទាញកាន់តែល្អប្រសើរបន្ថែមទៀត ។

    គួរបញ្ជាក់ថា សម្រាប់ការចុះឈ្មោះចូលរួមពីកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិទាំង ៣១០០ នាក់មកពី ៥០ ប្រទេស ដែលអ្នកឈ្មោះរត់ម៉ារ៉ាតុង ៤២ គីឡូម៉ែត្រ មានចំនួនជាង ៣០០ នាក់ អ្នកចុះឈ្មោះរត់ ២១ គីឡូម៉ែត្រមានជាង ១០០០ នាក់ ចំណែកឯ ១៨០០ នាក់ទៀតរត់ ១០ គីឡូម៉ែត្រ និង ៣ គីឡូម៉ែត្រ ហើយអ្នកចុះឈ្មោះច្រើនជាងគេ គឺមកពីប្រទេសចិន ជប៉ុន និង ម៉ាឡេស៊ី ។

    សូមបញ្ជាក់ថា ទិវាម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ លើកទី៦ ឆ្នាំនេះ ជាដំណើរដើម្បីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ ២០២៣ និង ទាក់ទាញភ្ញៀវទេសរណ៍មកកាន់កម្ពុជាឱ្យកាន់តែច្រើន ហើយគោលបំណងសំខាន់មួយទៀត គឺរត់ដើម្បីស្វែងរកថវិកាជួយកិច្ចការមនុស្សធម៌ បរិស្ថាន សុខភាព ជាពិសេសផ្សព្វផ្សាយគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និង តំបន់បេតិកភណ្ឌអរូបបិយ៍ នៃមនុស្សជាតិរបស់កម្ពុជាទៅកាន់ពិភពលោក ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី