
ខ្សែបម្រើប្រយុទ្ធ Kevin De Bruyne បាននិយាយថា វាពិតជារឿង ពិសេសណាស់ បើសិនជា Manchester City អាចលើកពានលីគនៅមុខក្រុម Manchester United នៅជំនួបថ្ងៃទី ៧ខាងមុខនេះ។
កីឡាករវ័យ ២៦ ឆ្នាំ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ “វាពិតជារឿងពិសេសខ្លាំងណាស់ បើសិនជាយើងអាចយកឈ្នះ Manchester United ហើយលើកពាន Premier League ពិតមែននោះ”។ De Bruyne បន្តថា៖ “វាពិតជារឿងមួយដ៏អស្ចារ្យ សម្រាប់អ្នកគាំទ្រយើង បើយើងធ្វើបានសម្រេច។ អ្នកបានដឹងហើយពីប្រវត្តិនៃភាពប្រកួតប្រជែងរវាងក្លឹបទាំងពីរ ។ យើងនឹងបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ក្រោយជ័យជំនះនេះ”។
ទោះជាយ៉ាងណា កីឡាកររបស់បែលហ្សិករូបនេះក៏បាននិយាយផងដែរពីមូលហេតុមួយទៀតដែលខ្លួនចង់ឈ្នះពាន Premier League ឲ្យបានកាន់ឆាប់ នោះគឺចង់ទុកពេលសម្រាប់ផ្ដោតអារម្មណ៍លើប្រកួតក្រោយៗទៀត។
បើយើងមើលទៅតាមតារាងលីគបច្ចុប្បន្ន ៣១ប្រកួតកន្លងទៅ ក្លឹប Manchester City កំពុងឈរលេខ ១ ជាមួយនឹងពិន្ទុចំនួន ៨៤ ខណៈបិសាចក្រហមដែលជាក្លឹបកំពុងស្ថិតនៅលេខ ២ មានត្រឹមតែ ៦៨ ពិន្ទុ។ ដូច្នេះ Man City អាចយកឈ្នះទៅលើក្រុម Man UTD ពិតមែន នោះក្លឹបមេឃខៀវនឹងលើកពាន Premier League នៅថ្ងៃនោះតែម្ដង ៕
ដោយ៖ Dara Hunii