
ការលេងបាល់ទាត់ តែងតែធ្វើឲ្យមនុស្សមួយចំនួន ជួបប្រទះនូវបញ្ហារបួស ហើយពេលខ្លះរបួសទាំងនោះ ត្រូវការរយៈពេលយូរផងដែរ ដើម្បីជាសះស្បើយវិញ។
ក្នុងពេលនេះដែរ ខ្សែការពារស្លាបឆ្វេង របស់ក្លិបកាំភ្លើងធំ Arsenal បានបង្ហើបពីររបបអាហារដែលអាចជួយឲ្យរូបគេ ជាសះស្បើយពីរបួសបានលឿន។ កីឡាករ Hector Bellerin បានប្រាប់ថា ការតមមិនញ៉ាំសាច់ និងញ៉ាំតែបន្លែសុទ្ធ គឺជាគន្លឹះមួយដ៏ធំធេង ដែលបានជួយឲ្យរបួសកជើងរបស់គេ មានសភាពធូរស្រាលជាងមុនយ៉ាងឆាប់រហ័ស ហើយថែមទាំងអាចជួយរូបគេ ឲ្យមានកម្លាំងខ្លាំង និងមានអារម្មណ៍ល្អទៀតផង។
ខ្សែការពារល្បឿនលឿនរូបនេះបានប្រាប់ថា៖ “នៅដើមរដូវកាល ខ្ញុំចង់វិលត្រលប់ចាប់ទម្លាប់ញ៉ាំតែបន្លៃសុទ្ធវិញ ដើម្បីសម្អាតរាងកាយរបស់ខ្ញុំ។ ហើយក្នុងពេលនេះ ខ្ញុំមានអារម្មណ៍ល្អណាស់ ដែលខ្ញុំបានធ្វើបែបនេះ អស់រយៈពេល ៦ខែហើយ។ ខ្ញុំតែងតែមានបញ្ហាតូចតាច ជាមួយកជើងរបស់ខ្ញុំ ហើយរបួសកាន់តែធ្ងន់ធ្ងរឡើង ពីមួយប្រកួតទៅមួយប្រកួត។ ប៉ុន្តែឥឡូវនេះ ខ្ញុំស្ទើរតែមិនចាំបាច់ការពារកជើងរបស់ខ្ញុំទៀតទេ” ៕
ដោយ៖ Dara Hunii