
អតីតគ្រូបង្វឹកជម្រើសជាតិ អាហ្សង់ទីន លោក Carlos Bilardo ថា បើកីឡាករ Lionel Messi ចង់បានការគោរពស្រលាញ់ ពីជនរួមជាតិដូចលោក Diego Maradona រូបគេត្រូវតែឈ្នះពាន World Cup ជូនជាតិជាមុនសិន។
គ្រូបង្វឹកវ័យ ៧៩ឆ្នាំ រូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា គាត់តែងតែឃើញគេយកកីឡាករ Messi មកប្រៀបធៀបជាមួយ Maradona ប៉ុន្តែគាត់គិតថាការប្រៀបធៀបនេះ វាមិនសាកសមទេ លុះត្រាណាតែកីឡាករ Messi ឈ្នះពានជូនជាតិសិន។ គ្រូបង្វឹករូបនេះ បានបន្តថា ឈ្នះពានជាមួយក្លិបនៅអេស្ប៉ាញ វាជារឿងផ្សេង ប៉ុន្តែឈ្នះពាន World Cup យកមកជូនជាតិវាជារឿងសំខាន់ ជាងក្លិបរាប់សិបដង។
យ៉ាងណាមិញ លោក Bilardo ក៏បានឲ្យដំបូន្មានទៅកាន់លោក Jorge Sampaoli ដែលជាគ្រូបង្វឹករបស់ជម្រើសជាតិ អាហ្សង់ទីន បច្ចុប្បន្នថា គួរតែឲ្យសេរីភាពទៅកាន់កីឡាករ Messi ហើយឲ្យគេបញ្ចេញសមត្ថភាពខ្លួនឯង ទើបក្រុមអាហ្សង់ទីនមានឱកាសអាចលើកពាន World Cup ឆ្នាំនេះបាន ៕
ដោយ៖ Dara Hunii