
អតីតខ្សែប្រយុទ្ធឆ្នើម Raul Gonzalez បានប្រាប់ទៅកាន់ក្រុម Real Madrid ថាពួកគេគួរតែប្រយ័ត្នបន្តិច ពេលប្រកួតជាមួយ Juventus នៅក្នុងយប់នេះ ដោយសារតែ ក្រុមនេះធ្លាប់មានប្រវត្តិទម្លាក់ក្រុម Barcelona ចេញពីព្រឹត្តិការណ៍ Champions League កាលពីឆ្នាំមុន។
ថ្លែងប្រាប់កាសែតក្នុងស្រុក Raul បាននិយាយថា៖ ពេលដែលលោកគិតពីការប្រកួតនេះ គឺលោកនឹកឃើញដល់កាលពីឆ្នាំមុន នៅទីក្រុង Cadiff ដោយពេលនោះក្រុម Real Madrid បានយកឈ្នះទៅលើក្រុម Juventus ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ប៉ុន្តែឆ្នាំនេះ អ្វីៗគឺវាខុសគ្នាទាំងអស់។ Raul បានបន្តថា ក្រុម Juventus បានពង្រឹងទាំងកីឡាករ ទាំងទម្រង់លេងរបស់គេខ្លាំងមែនទែន ដូច្នេះក្រុម Real Madrid គួរតែភ័យខ្លួន ហើយខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ទើបអាចយកឈ្នះក្រុមជើងឯកក្របខ័ណ្ឌអ៊ីតាលីបាន។
Raul ក៏បានរម្លឹកផងដែរថា កាលពីឆ្នាំមុន ក្រុម Barcelona ត្រូវបានអ្នកទស្សនាបាល់ទាត់ជាច្រើនរំពឹងថា ពួកគេនឹងឈ្នះទៅលើ Juventus ប៉ុន្តែចុងក្រោយក្លិបអ្នកមានបុណ្យ ត្រូវបានធ្លាក់ពីព្រឹត្តិការណ៍ Champions League យ៉ាងអាម៉ាស់ ដូច្នេះ ខ្ញុំក៏មិនចង់ឲ្យរឿងបែបនេះ កើតឡើងទៅលើ Real Madrid នៅឆ្នាំនេះនោះដែរ។
គួរឲ្យដឹងថា ក្រុម Juventus នឹងបើកទ្វារស្វាគមន៍ក្រុម Real Madrid ក្នុងជើងទីមួយនៃវគ្គ៨ក្រុមចុងក្រោយ ក្នុងព្រឹត្តការណ៍ Champions League នៅពាក់កណ្តាលយប់នេះ ៕
ដោយ៖ Dara Hunii