
ខ្សែការពាររបស់ Barcelona កីឡាករ Samuel Umtiti បាននិយាយថា គាត់មិនធ្លាប់គិតចង់ចាកចេញពីក្រុម Catalans (Barca) ទេ ក្រោយពីមានសេចក្តីរាយការណ៍មួយចំនួនពាក់ព័ន្ធនឹងការផ្ទេរទៅកាន់ Manchester United របស់គាត់។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះត្រូវបានគេជឿថា គឺជាគោលដៅសំខាន់បំផុតដែលគ្រូបង្វឹក Jose Mourinho ចង់បាន ប៉ុន្តែកីឡាករជម្រើសជាតិបារាំងរូបនេះហាក់ដូចជាចង់បន្តកុងត្រាថ្មីជាមួយ Barcelona ។
Umtiti បានប្រាប់ទូរទស្សន៍ Canal Plus ថា៖”ខ្ញុំទទួលបានការចាប់អារម្មណ៍ពីក្លឹបមួយចំនួន ប៉ុន្តែខ្ញុំសូមនិយាយម្តងទៀតថា ខ្ញុំមានគោលដៅជាច្រើនដែលត្រូវសម្រេចជាមួយ Barcelona ដែលខណៈពេលនេះ ខ្ញុំមិនទាន់ចង់ចាកចេញទៅណាទេ ។ នៅក្នុងពិភពលោកនេះ អ្វីៗវិវឌ្ឍន៍ទៅលឿនណាស់។ ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបានគឺថាខ្ញុំរីករាយខ្លាំងណាស់នៅពេលនេះ”។
“ខ្ញុំមិនចង់និយាយច្រើនពេកអំពីអនាគតរបស់ខ្ញុំទេនៅពេលនេះ។ ខ្ញុំមិនទាន់បានចាប់ផ្តើមអ្វីមួយជាដុំកំភួននៅឡើយទេ។ ប្រហែលជា Barca ចាប់អារម្មណ៍ចង់បន្តកុងត្រាទៀត ប៉ុន្តែយើងមិនទាន់បានចាប់ផ្តើមការពិភាក្សានៅឡើយទេ”។
Umtiti ដែលមានលក្ខខណ្ឌតម្លៃខ្លួនពេលជាប់កុងត្រាចំនួន ៦០ លានអឺរ៉ូ បានបង្ហាញខ្លួនចំនួន ២២ ប្រកួតឲ្យក្លឹប Blaugrana (Barca) នៅរដូវកាលនេះ ដោយជួយឲ្យក្រុមអ្នកមានបុណ្យនៅតែមិនទាន់ស្គាល់ពាក្យថាចាញ់ និងឈរនៅលើកំពូលតារាងបន្តទៀត ៕
ដោយ៖ Dara Hunii