បុរសដែលធ្លាក់ជាប់គាប់ក្នុងស្រទាប់ថ្មនៅខេត្តបាត់ដំបងត្រូវបានជួយសង្រ្កោះរួចផុតពីគ្រោះថ្នាក់ហើយ

62944
  • កាលពីវេលាម៉ោងប្រមាណ ១៨ និង ៣០ នាទីមុននេះបន្តិច ថ្ងៃពុធ ៧ កើត ខែ ស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៩ បុរសឈ្មោះ សិន បូរ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិទួលឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជាជនរងគ្រោះជាប់កៀបក្នុងរូងភ្នំរយៈពេល ០៣ ថ្ងៃហើយ រហូតមកទល់ម៉ោងនេះជនរងគ្រោះត្រូវបានជួយសង្រ្គោះឲ្យរួចផុតពីគ្រោះថ្នាក់ហើយ ។

    សូមជម្រាបជូនថា កាលពីថ្ងៃទី ០៣ខែ សីហា ឆ្នាំ ២០១៩ បុរសឈ្មោះ សិន បូរ៉ា បានចេញពីផ្ទះទៅរកកើបអាចមន៍ប្រចៀវនៅក្នុងរូងភ្នំមួយឈ្មោះ (ភ្នំហុងទឹក ) ស្ថិតនៅភូមិ ហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ នៅពេលដែលបុរសរូបនេះចាកចេញទៅ ក៏បាត់ដំណឹងរហូតព្រោះពេលចាក ចេញទៅនោះបុរសរូបនេះមិនបានប្រាប់ប្រពន្ឋកូន ឬ ក្រុមគ្រួសារបានដឹងនោះទេ ហើយនៅពេលដែលមិនឃើញបុរសរូបនេះវិលត្រឡប់ មកលំនៅដ្ឋានវិញ ក្រុមគ្រួសារ និងអ្នកជិតខាងបានស្វះស្វែងដើររក តែមិនបានជួបប្រទះបុរសនេះសោះ រហូតដល់យប់ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៩ ទើបបានប្រទះឃើញបុរសរូបនេះ កៀបជាប់នៅក្នុងរូបភ្នំខាងលើ ហើយសកម្មភាពជួយសង្រ្គោះបានចាប់ផ្តើមអនុវត្តនៅវេលាព្រឹកព្រលឹមថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៩នេះ ។

    សូមបញ្ជាក់ថា ក្នុងសកម្មភាពជួយសង្រ្គោះនេះ មានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងកងកម្លាំងខេមរភូមិន្ទ អាវុធហត្ថ សមត្ថកិច្ចពាក់ព័ន្ឋ និងប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ ។ នេះគឺជាបញ្ហាថ្មីមួយទៀតដែលជាបន្ទុករបស់សមត្ថកិច្ច នគរបាលមូលដ្ឋានក្នុងការណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានបានយល់ដឹងអំពីគ្រោះថ្នាក់ និង ផលវិបាកនៃការចេញ ចូលទៅក្នុងល្អាងឬរូងភ្នំ ដែលមានក្នុងមូលដ្ឋានខ្វះការប្រុងប្រយ័ត្នជាហេតុនាំបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ៕

    ទស្សនាវីដេអូជួយសង្គ្រោះទាំងអស់គ្នា៖

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី