លោក Rivaldo រំលឹកថា លោកស្ទើរតែចាកចេញពី Barca ផ្ទេរទៅលេងឱ្យ R.Madrid បាត់ទៅហើយកាលពី ២០០២

38857
  • នៅក្នុងកិច្ចពិភាក្សាដ៏ទូលំទូលាយមួយជាមួយ Betfair អតីតខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ លោក Rivaldo បានបង្ហើបថា ខ្លួនខិតជិតនឹងចុះកុងត្រាជាមួយក្លឹប Real Madrid បាត់ទៅហើយកាលពីឆ្នាំ ២០០២ បន្ទាប់ពីលោកបានផុតកុងត្រាជាមួយ Barcelona ។

    អតីតកីឡាករវ័យ ៤៧ ឆ្នាំរូបនេះបានសារភាពថា៖ “ខ្ញុំមានឱកាសចុះកុងត្រាជាមួយ Real Madrid នៅពេលដែលខ្ញុំបានបញ្ចប់កុងត្រាជាមួយ Barcelona ។ មានការសន្ទនាគ្នាជាមួយក្លឹប ប៉ុន្តែក្រោយមកក្រុម Milan ( AC Milan ) បានផ្តល់ជូនយ៉ាងល្អ ហើយខ្ញុំពេញចិត្តជនជាតិអ៊ីតាលី” ។

    វិរះបុរសជម្រើសជាតិប្រេស៊ីលរូបនេះក៏បានបន្តពន្យល់ពីមូលហេតុដែលគាត់ពិចារណាផ្លាស់ទៅកាន់ក្រុមស្ដេចសកាលពីឆ្នាំ ២០០២ ថា៖ “បាទ វានឹងក្លាយជាការផ្ទេរដ៏ចម្រូងចម្រាស ប្រសិនបើខ្ញុំចុះកុងត្រាជាមួយម៉ាឌ្រីដ ដែលអាចធ្វើឱ្យអ្នកគាំទ្រ Barca ខកចិត្ត ប៉ុន្តែខ្ញុំគ្មានការងារធ្វើនៅពេលនោះ ហើយក្នុងនាមជាកីឡាករអាជីព ខ្ញុំនឹងមិនបដិសេធការសន្ទនាជាមួយក្លឹបដែលចាប់អារម្មណ៍នោះទេ “។

    លោក Rivaldo បានបន្ថែមថាការលេងឱ្យក្លិបគូប្រជែង គឺមិនមានអ្វីប្លែកសម្រាប់គាត់នៅពេលនោះទេ ដោយនិយាយថា៖ “ខ្ញុំបានលេងឱ្យក្លិប Palmeiras និង Corinthians ដែលជាក្លិបគូប្រជែងនៅក្នុងប្រទេសប្រេស៊ីល ។ ជាទូទៅអ្នកដែលមានជំនាញវិជ្ជាជីវៈតែងតែគោរពប្រវត្តិក្លឹប និងប្រវត្តិផ្ទាល់ខ្លួនរបស់អ្នកជាកីឡាករបាល់ទាត់ ” ។

    សូមរំលឹកផងដែរថា អតីតម្ចាស់ពានរង្វាន់ Ballon D’or កាលពីឆ្នាំ ១៩៩៩ លោក Rivaldo បានចំណាយពេល ៥ ឆ្នាំលេងឱ្យក្លឹប Barcelona ចន្លោះពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០២ ដែលជាទីកន្លែងធ្វើឱ្យលោកល្បីល្បាញយ៉ាងខ្លាំង ជាមួយការឈ្នះពានរង្វាន់ជាច្រើនជាមួយក្លឹប និងពានផ្ទាល់ខ្លួន ៕

    ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី