
ក្លិបមាន់ខ្នាយមាស Tottenham Hotspur មានគម្រោងផ្តល់កុងត្រាថ្មី ឲ្យគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Mauricio Pochettino ព្រមទាំងធ្វើការតម្លើងប្រាក់ឈ្នួលច្រើនជាងមុន រហូតជាង ៤ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំទៀតផង។
ការធ្វើបែបនេះ គឺដើម្បីទប់ស្កាត់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន រូបនេះ គិចពីការតាមចែចង់ពីសំណាក់ក្លិបធំៗមួយចំនួន រួមមាន ក្លិប Paris Saint-Germain ជាដើម។ សារព័ត៌មានមួយចំនួនបានឲ្យដឹងថា ក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏ មួយនេះ មានសុទិដ្ឋិនិយមថា លោក Pochettino នឹងយល់ព្រមទទួលយកការចុះកិច្ចសន្យាថ្មី ដែលនឹងផ្តល់ប្រាក់ឈ្នួលប្រមាណជា ១២ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ជាមួយគ្នានេះដែរ សារព័ត៌មាន The Daily Telegraph ក៏បានឲ្យដឹងដែរថា Spurs មានបំណងចង់ឱ្យ Pochettino ក្លាយជាគ្រូបង្វឹក ដែលទទួលបានប្រាក់បៀវត្សរ៍ច្រើនបំផុត នៅក្នុងក្របខ័ណ្ឌ Premier League ផងដែរ ឲ្យតែគ្រូបង្វឹករូបនេះ យល់ព្រមដឹកនាំក្លិបមាន់ខ្នាយមាសជាបន្តទៀត ៕
ដោយ៖ Dara Hunii