បើទោះបីមានជើងខ្លាំងច្រើនរួមទាំងស្ថានភាពផ្លូវថ្មី ក៏ប្រធានក្រុម KARA កម្ពុជា រំពឹងនឹងធ្វើបានល្អដូចឆ្នាំកន្លងទៅ

41374
  • បើទោះបីមានជើងខ្លាំងច្រើនត្រូវប្តូរមកប្រណាំង Class សាំងវិញ រួមទាំងស្ថានភាពផ្លូវថ្មី ក៏ប្រធានក្រុម KARA កម្ពុជា កីឡាករ ហូ សិទ្ធិគុណ រំពឹងនឹងធ្វើបានល្អដូចឆ្នាំកន្លងទៅក្នុងព្រឹត្តិការណ៍ Asia Cross Country Rally 2019 ដែលធ្វើការប្រណាំងលើចំងាយផ្លូវជាង ២,២០០ គីឡូម៉ែត្រ ឆ្លងកាត់ ២ ប្រទេស គឺប្រទេសថៃ និង បញ្ចប់នៅប្រទេសមីយ៉ាន់ម៉ា ។
    ឆ្នាំ ២០១៩ នេះ សហព័ន្ធកីឡាយានយន្តកម្ពុជា បានបញ្ជូនក្រុមរថយន្តកម្ពុជា ចំនួន ៥ គ្រឿង ក្នុងនោះរថយន្តប្រណាំង ២ គ្រឿង និង រថយន្តសេវីស ៣ គ្រឿងចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងធំប្រចាំតំបន់អាស៊ី ដែលដំណើរការប្រណាំងរយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ទី ១៦ ខែសីហា ឆ្នាំ ២០១៩ ។

    លោក ហូ សិទ្ធិគុណ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និង ជាប្រធានក្រុម KARA បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងឆ្នាំនេះ គឺមានរថយន្តប្រណាំងសរុបចំនួន ៣៧ គ្រឿង ប្រភេទម៉ាស៊ូត ២១ គ្រឿង និង ប្រភេទរថយន្តសាំង ១១ គ្រឿង កើនឡើងជាងឆ្នាំកន្លងទៅ ។ ប្រធានក្រុម និង ជាអ្នកប្រណាំងផងនោះ បញ្ជាក់ទៀតថា ការកើនឡើងរថយន្តប្រណាំង ក៍ជាឧបសគ្គធំៗមួយ សម្រាប់ក្រុមកម្ពុជា ព្រោះកីឡាករជើងខ្លាំងមួយចំនួន ដូចជាថៃ និង ជប៉ុន ដែលធ្លាប់ប្រជែងប្រភេទរថយន្តម៉ាស៊ូត ប្តូរមកប្រណាំងប្រភេទរថយន្តសាំងវិញ ធ្វើឲ្យការប្រណាំងកាន់តែសភាពតានតឹង ធ្វើឱ្យការប្រកួតប្រជែងមានកាន់តែខ្ពស់ និងជាឧសគ្គសម្រាប់កម្ពុជាក្នុងនាមជាក្រុមប្រណាំងការពារជើងឯកលើ Class សាំងផងដែរ ។
    អ្នកប្រណាំងពោរពេញដោយបទពិសោធន៍ បញ្ជាក់ទៀតថា សម្រាប់ឆ្នាំនេះ ក្រុមកម្ពុជាមិនហ៊ានរំពឹងទុកថា អាចការពារជើងឯករបស់ខ្លួន ដូចឆ្នាំ ២០១៨ កន្លងទៅបាននោះតែដ្បិតផ្លូវប្រណាំងពីប្រទេសថៃ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺជាផ្លូវប្រណាំងថ្មីដែលយើងមិនធ្លាប់ស្គាល់ភូមិសាស្រ្ត ដូចពីផ្លូវប្រណាំងពីថៃ មកកាន់ កម្ពុជានោះទេ ។ ប៉ុន្តែក្រុមកម្ពុជា នឹងព្យាយាមធ្វើឱ្យបានល្អ ព្រោះថា ក្រុមកម្ពុជាឆ្នាំនេះ ទាំងក្រុមប្រណាំង និង ក្រុមសេវីស ត្រៀមខ្លួនបានយ៉ាងល្អ ដើម្បីធ្វើយ៉ាងណានាំកិត្តិយសជូនកម្ពុជាឱ្យបាន ។ ដោយឡែកជំនួយការអ្នកបើកបរ កីឡាករ ពៅ តិចឡេង បានប្តេជ្ញា បង្ហាញផ្លូវឱ្យបានល្អ ដើម្បីនាំជ័យជំនះជាថ្មីម្តងទៀត ខណៈការត្រៀមខ្លួនរយៈពេលមួយឆ្នាំនេះ ទទួលបានការនែនាំនិងច្រើនពីមិត្តរួមក្រុម និងរៀមច្បង ។

    សូមបញ្ជាក់ថា កម្មវិធីប្រណាំងយានយន្ដឆ្លងប្រទេសធំជាងគេ Asia Cross Country Rally2019 នឹងធ្វើការប្រណាំងលើចម្ងាយផ្លូវសរុបជាង ២,២០០ គីឡូម៉ែត្រ ដោយឆ្លងកាត់ ២ ប្រទេស គឺចេញដំណើរពីប្រទេសថៃ បញ្ចប់នៅប្រទេសមីយ៉ាន់ម៉ា ក្នុងនោះមានអ្នកប្រណាំងមកពី ៣០ ប្រទេស ដោយឡែសម្រាប់កម្ពុជា បញ្ជូនរថយន្តប្រណាំង ២ គ្រឿង គឺរថយន្តលេខ ១១៥ បើកបរដោយកីឡាករ សោម សុកុសល និង ជំនួយការអ្នកបើកបរកីឡាករ វង្ស គឹមហួត រីឯមួយគ្រឿងទៀតរថយន្តលេខ ១០៧ បើកបរដោយ កីឡាករ ហូ សិទ្ធិគុណ និង ជំនួយការអ្នកបើកបរពីររូប គឺកីឡាការិនី សេង សុជាតា និង កីឡាករ ពៅ តិចឡេង ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី