
លោក Jupp Heynckes បាននិយាយថា កូនក្រុមរបស់គាត់ ត្រូវលេងឲ្យបានល្អជាងនេះទៀត ប្រសិនបើពួកគេចង់លើកពាន Champions League រដូវកាលនេះ។ គ្រូបង្វឹករបស់ Bayern Munich បានលើកឡើងដូច្នេះ បន្ទាប់ពីឃើញក្រុមរបស់គាត់យកឈ្នះក្នុងលទ្ធផល ២-១ លើក្រុម Sevilla ទាំងលំបាកក្នុងការប្រកួតជើងទីមួយ វគ្គប្រាំបីក្រុមចុងក្រោយនៅប្រទេសអេស្ប៉ាញកាលពីថ្ងៃអង្គារនេះ។
Pablo Sarabia បានរកគ្រាប់បាល់បើកឆាកសម្រាប់ Sevilla ត្រឹមតែកន្លះម៉ោងក្រោយចាប់ផ្តើមការប្រកួតប៉ុណ្ណោះ ដោយសារកំហុសខ្សែការពារ Juan Bernat ។ Bayern បានតាមស្មើវិញនៅ ៥ នាទីបន្ទាប់ពីនោះ ដោយសារគ្រាប់បាល់សំណាងដែល Franck Ribery បញ្ជូនទៅត្រូវខ្ទាត់ចូលចុងដៃរបស់អ្នកចាំទី David Navy បន្ទាប់ពីផ្លាតចេញពីជើងរបស់ Jesus Navas ។ ជើងឯករបស់អាល្លឺម៉ង់មួយនេះបានធ្វើការនាំមុននៅនាទីទី ៦៨ ក្រោយពី Thiago Alcantara ទែតបាល់ទៅបុកនឹងជើងរបស់ Sergio Escudero ហើយបាល់ក៏ខ្ទាត់ចូលទីម្តងទៀត។
ថ្លែងបន្ទាប់ពីចប់ការប្រកួតនេះលោក Heynckes បានប្រាប់សារព័ត៌មានថា៖ “វាពិតជាសំខាន់ណាស់ក្នុងការតាមស្មើបានភ្លាមៗ។ យើងពិតជាមានសំណាងបន្តិចដែរ ប៉ុន្តែបាល់ទាត់គឺបែបនេះ។ វាគឺជាការមានប្រៀបផ្នែកចិត្តសាស្រ្តដែលអាចស៊ុតបញ្ចូលទី ឬនាំមុខមុននៅមុនចប់តង់ទីមួយ”។
Heynckes ដែលបានកោតសរសើរកីឡាករប្តូរចូល James Rodriguez និង Rafinha បាននិយាយថា៖ “ប្រសិនបើយើងចង់ឈ្នះពាន Champions League នោះយើងត្រូវតែលេងឲ្យបានល្អជាងនេះទៀត ។ Sevilla ពិតជាលេងបានល្អណាស់នៅតង់ទីមួយ យើងធ្វើការគ្រប់គ្រងបាល់បានតិចពេក។ យើងផ្តុំគ្នាទាំងអស់នៅខ្សែបម្រើ ដែលវាធ្វើឲ្យ Sevilla បង្កើតឱកាសបានជាច្រើនលើក ។ យើងបានធ្វើការផ្លាស់ប្តូរយុទ្ធសាស្រ្តមួយចំនួន ហើយក៏បានទទួលជ័យជម្នះទាំងលំបាកនៅចុងបញ្ចប់ ដោយសារតែទម្រង់លេងក្នុងតង់ទីពីររបស់យើង ” ៕
ដោយ៖ Dara Hunii