
នៅក្នុងឆ្នាំ២០១៧ ចំនួនភ្ញៀវទេសចរមកទស្សនាកម្ពុជា បានកើនឡើងជាង ១១ ភាគរយ ដែលនាំមុខដោយភ្ញៀវទេសចរជនជាតិចិន និងតាមពីក្រោយដោយភ្ញៀវទេសចរជនជាតិវៀតណាម។ បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងទេសចរ ភ្ញៀវទេសចរបរទេសសរុបដែលមកទស្សនាកម្ពុជា មានចំនួនជាង ៥ លាន ៦ សែននាក់ ដោយក្នុងនោះ ភ្ញៀវទេសចរចិន មានរហូតដល់ជាង ១ លាន ២សែននាក់។
កំណើននៃភ្ញៀវទេសចរបរទេស ចូលមកទស្សនាកម្សាន្តនៅកម្ពុជា នៅតាមរមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្រ្តនានា បានហក់ឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ បើតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៧ របស់ក្រសួងទេសចរណ៍បង្ហាញថា ទេសចរអន្តរជាតិសរុបមានចំនួនជាង ៥,៦ លាននាក់ មកទស្សនាកម្ពុជា កើនឡើង ១១,៨ ភាគរយ បើធៀបនឹងឆ្នាំ ២០១៦។ នៅក្នុងនោះ គេកត់សម្គាល់ឃើញថា ចំនួនភ្ញៀវទេសចរចិន បានបន្តកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែង នៅក្នុងឆ្នាំ ២០១៧ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ឈានមុខគេដែលមានរហូតដល់ជាង ១,២ លាននាក់ កើនឡើង ៤៥,៩ ភាគរយធៀបនឹងឆ្នាំ២០១៦ ដែលមានតែជាង ៨៣ ម៉ឺននាក់ប៉ុណ្ណោះ។ ដោយឡែក ភ្ញៀវទេសចរវៀតណាមឈរនៅលំដាប់ទីពីរដែលមានជាង ៨៣ ម៉ឺននាក់ ខណៈទេសចរមកពីប្រទេសឡាវ ឈរនៅលេខរៀងទីបី ដែលមានជាង ៥០ ម៉ឺននាក់។
យ៉ាងណាក៏ដោយបច្ចុប្បន្ន ភ្ញៀវទេសចរជនជាតិចិនភាគច្រើន បានសម្រុកទៅតំបន់មាត់សមុទ្រ ជាពិសេសគឺខេត្តព្រះសីហនុ ហើយជនជាតិចិនទាំងនោះមួយចំនួន កំពុងតែក្តោបក្តាប់អាជីវកម្ម ដូចជា កាស៊ីណូ សណ្ឋាគារ និងភោជនីយដ្ឋាន។
បើតាមរបាយការណ៍របស់អភិបាលខេត្តព្រះសីហនុ ផ្ញើទៅកាន់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បច្ចុប្បន្ននេះ នៅក្នុងខេត្តព្រះសីហនុ មានចំនួនជនជាតិបរទេសជាង ៦ ពាន់នាក់ ហើយជនជាតិចិន មានចំនួនរហូតទៅដល់ជាង៤ ពាន់នាក់។
ជនជាតិចិនទាំងនោះ បានមកស្នាក់នៅ និងរកស៊ីនៅក្នុងខេត្តព្រះសីហនុ ក្រោមរូបភាពជាអ្នកវិនិយោគ អ្នកទេសចរ អ្នកបម្រើការក្នុងកាស៊ីណូ និងអ្នកផ្តល់សេវាផ្សេងៗ។ របាយការណ៍ដដែលបន្តទៀតថា ទោះបីវត្តមាននៃជនជាតិចិនបានផ្តល់អត្ថប្រយោជន៍ជាច្រើននៅក្នុងជម្រុញការអភិវឌ្ឍ នៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ក៏ប៉ុន្តែជនជាតិមួយចំនួនបាន ប្រព្រឹត្តិបទល្មើស និងបង្កអសន្តិសុខ ដែលធ្វើឲ្យប្រជាពលរដ្ឋម្ចាស់ស្រុក និងភ្ញៀវទេសចរមួយចំនួន សម្តែងការមិនពេញចិត្ត។
យ៉ាងណាក៏ដោយ ឆ្លើយតបនឹងបញ្ហានេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានលើកឡើងថា អាជ្ញាធរខេត្តព្រះសីហនុ បានដាក់ចេញជាវិធានតឹងរឹងជាបន្តបន្ទាប់ និងចាត់វិធានការភ្លាមៗចំពោះភាពអវិជ្ជមានទាំងនោះ។ លោក បន្តថា បានគូសបញ្ជាក់ថា ជនបរទេសទាំងអស់ដែលទៅលេងក្រុងព្រះសីហនុត្រូវតែគោរពច្បាប់របស់កម្ពុជា មិនថាតែជនជាតិចិននោះទេ៕
ដោយ៖ តារា