
De Bruyne បានបង្ហាញនូវទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ទាំងការរកគ្រាប់បាល់ និង ការបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ដែលពេលនេះកីឡាករប៊ែលហ្ស៊ីករូបនេះរកគ្រាប់បាល់បាន ៧ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ១៥ គ្រាប់ ពី ៣១ ប្រកួតក្នុងក្របខ័ណ្ឌ Premier League សម្រាប់រដូវកាលនេះ។
ជាងនេះទៅទៀត កីឡាករវ័យ ២៦ ឆ្នាំរូបនេះអាចនឹងជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាលនេះ បើទោះបីជាគេអាចនឹងមានការប្រកួតប្រជែងពីកំពូលជើងស៊ុតរបស់ Liverpool គឺកីឡាករ Mohamed Salah ក៏ដូចជា Harry Kane របស់ Spurs ក្តី។បើទោះបីជាមានការបង្អាក់បន្តិច ក្នុងការប្រកួតកាលពីថ្ងៃពុធនេះដែលមានរូបគេចូលរួមដែរ ហើយទទួលបរាជ័យ ដោយចាញ់ក្រុម ហង្សក្រហម ៣-០ ក្នុងការប្រកួត UEFA Champions League វគ្គ ៨ ក្រុមចុងក្រោយជើងទី ១ ក្តី ក្រុមមេឃខៀវនៅតែអាចមានឱកាសក្លាយជាជើងឯកបាន។
ងាកមក Premier League វិញ ប្រសិនបើក្រុមមេឃខៀវអាចយកជ័យជម្នះលើក្រុមបីសាចក្រហមនៅថ្ងៃសៅរ៍នេះបានទៀតនោះ ក្រុមរបស់ Guardiola នឹងបានក្លាយជាជើងឯករដូវកាលនេះដោយទាំងនៅសល់ប្រកួតជាច្រើនទៀតក្នុងដៃ ហើយដែល De Bruyne ជាកីឡាករដែលបានដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុមឲ្យក្លាយជាជើងឯងនេះ។
ថ្លែងទៅកាន់ Sky Sports អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបានឲ្យដឹងថា “ គេជាកីឡាករដែលរត់បានច្រើនបំផុត ហើយជាកីឡាករដែលមានទេពកោសល្យនៅក្នុងប្រទេសអង់គ្លេសសព្វថ្ងៃ គឺនៅក្នុងក្រុមរបស់យើងនេះឯង“។ លោកបន្ថែមថា “គេគឺជាកីឡាករដែលមិនធ្លាប់មានរបួស ហើយដែលចង់លេងឲ្យបានច្រើនថែមទាំងពោរពេញដោយឋាមពលដ៏អស្ចារ្យ។ គេជាអ្នកប្រជែងដ៏ខ្លាំងក្លាមួយរូប“ ៕
ដោយ៖ តារា