
Man City ត្រូវបានគេស្នើឲ្យពិចារណាលើខ្សែបម្រើ Paul Pogba របស់ Manchester United អំឡុងពេលដោះដូរកីឡាករនៅខែមករាកន្លងទៅ នេះបើតាមការអះអាងរបស់ Pep Guardiola ។ ស្ថានភាពរបស់ Pogba នៅទឹកដី Old Trafford ហាក់មានភាពមិនច្បាស់លាស់ឡើយរយៈពេលប៉ុន្មានខែចុងក្រោយនេះ ស្របពេលដែលមានលេចឮពាក្យចចាអារ៉ាមថា ទំនាក់ទំនងរបស់កីឡាករសញ្ជាតិបារាំងរូបនេះជាមួយនឹងគ្រូបង្វឹក Jose Mourinho កំពុងមានភាពល្អក់កករនឹងគ្នា ។
នៅមុនការប្រកួតនៅយប់នេះវាងក្រុម Manchester ទាំងពីរនោះ Guardiola បានអះអាងថា ភ្នាក់ងាររបស់ Pogba គឺលោក Mino Raiola បានទាក់ទងមកគាត់កាលពីខែមករានេះ សម្រាប់ឱកាសក្នុងការចុះកុងត្រាជាមួយកីឡាករវ័យ ២៥ ឆ្នាំរូបនេះ រួមនឹងមិត្តរួមក្រុមរបស់គាត់ Henrikh Mkhitaryan ។ ប៉ុន្តែ Guardiola និងលោក Raiola ហាក់មិនត្រូវគ្នាឡើយ តាំងពីពេលដែលគ្រូបង្វឹករបស់ City នៅដឹកនាំ Barcelona ម្ល៉េះ។ ភ្នាក់ងាររូបនេះធ្លាប់រិះគន់ Pep ថាចាត់ទុកកីឡាករប្រៀបដូចជា “សត្វឆ្កែ” ទៀតផង ។
Guardiola បាននិយាយថា៖”កាលពីពីរខែមុន គាត់បានស្នើខ្ញុំឲ្យយក Mkhitaryan និង Pogba មកលេងជាមួយយើង។ ហេតុអ្វីទៅ? ហេតុអ្វីបានជាគាត់គិតថា យើងចាប់អារម្មណ៍ចង់បាន Pogba និង Mkhitaryan ឲ្យមកលេងជាមួយពួកយើងទៅវិញ?”។
“គាត់ត្រូវតែការពារកីឡាកររបស់គាត់ ព្រោះគាត់ត្រូវដឹងថាគាត់មិនអាចនាំកីឡាកររបស់គាត់មកឲ្យខ្ញុំប្រើដូចជាឆ្កែបានឡើយ។ ហើយការប្រៀបធៀបជាមួយសត្វឆ្កែគឺមិនល្អនោះទេ។ គាត់ត្រូវតែគោរពសត្វឆ្កែផង ។ មានអ្នកមិនចូលចិត្តខ្ញុំជាច្រើននាក់។ ជាពិសេសភ្នាក់ងាររបស់កីឡាករ គឺខ្ញុំមានច្រើនណាស់ដែលមិនចូលចិត្តខ្ញុំ។ ខ្ញុំជាគ្រូបង្វឹកដ៏ល្បីម្នាក់ ខ្ញុំអាចឲ្យបញ្ជីឈ្មោះមនុស្សសំខាន់ៗដែលមិនចូលចិត្តខ្ញុំដល់អ្នកបាន” ៕
ដោយ៖ តារា