OPPO បង្ហាញត្រកូល Reno ទី២ របស់ខ្លួនបំពាក់កាមេរ៉ាបញ្ឈរ ៤ គ្រាប់អាច Zoom បាន 20X

52103
  • បើយោងទៅតាមគេហទំព័រមួយដ៏ល្បីដែលមានឈ្មោះថា 91Moblile បានបង្ហាញរូបរាងស្មាតហ្វូន Reno 2Z ដែលជាស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុន OPPO ដែលគ្រោងនឹងបញ្ចេញនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះ បន្ទាប់ពីទទួលបានជោគជ័យខ្លាំងលើស្មាតហ្វូនត្រកូល Reno ជំនាន់ដំបូងរបស់ខ្លួន ។

    បើសង្កេតមើលទៅលើរូបភាពនោះយើងឃើញថា Reno 2Z បំពាក់មកជាមួយអេក្រង់លាតដែលមានចង្កាលខាងក្រោមរាងក្រាស់បន្តិច និង មានកាមេរ៉ា Selfie ហូតចុះឡើងស្ថិតនៅចំកណ្តាលនៃផ្នែកខាងលើរបស់ទូរសព្ទ ដូច្នេះមានន័យថា OPPO មិនបានប្រើប្រាស់កាមេរ៉ា Selfie ហូតចុះឡើងដែលមានរូបរាងដូចជាព្រុយត្រីឆ្លាមនៅលើ Reno 2Z នោះទេ រីឯផ្នែកខាងក្រោមនៃទូរសព្ទវិញ វាមានរន្ធដោតកាស ៣.៥mm , រន្ធសាកថ្មប្រភេទរបស់ USB-C និង រន្ធបំពងសំលេង ។ បើងាកទៅមើលផ្នែកខាងក្រោយនៃទូរសព្ទនេះវិញ យើងសង្កេតឃើញថា វាបំពាក់មកជាមួយកាមេរ៉ាចំនួន ៤ គ្រាប់ក្នុងលក្ខណៈបញ្ឈរអមជាមួយ LED Flash ចំនួន ២ គ្រាប់ ដែលស្ថិតនៅខាងស្តាំដៃនៃកាមេរ៉ាខាងក្រោយ ហើយផ្នែកខាងក្រោមនៃកាមេរ៉ាខាងក្រោយវិញ វាមានរូបសញ្ញារបស់ក្រុមហ៊ុន OPPO ។

    OPPO Reno 2Z អាចនឹងបំពាក់មកជាមួយអេក្រង់ប្រភេទ AMOLED ទំហំ ៦,៥៣ អ៊ីញ មានកម្រិតបង្ហាញ Full HD+ ខណះផ្នែកកម្លាំងម៉ាស៊ីនវិញ វាអាចនឹងបំពាក់មកជាមួយបន្ទះឈីប MediaTek Helio P90 អមមកជាមួយ RAM ទំហំ ៨GB និង មានអង្គផ្ទុកទិន្នន័យ ទំហំ ២៥៦GB រីឯផ្នែកកាមេរ៉ាវិញ វាអាចនឹងបំពាក់មកជាមួយកាមេរ៉ា Selfie ចំនួន ១ គ្រាប់ដែលមានទំហំ ១៦MP និង កាមេរ៉ាក្រោយចំនួន ៤ គ្រាប់ ដោយមួយគ្រាប់ជាកាមេរ៉ាគោល ទំហំ ៤៨MP , មួយគ្រាប់ជាកាមេរ៉ា Ultra-Wide Angle (១១៩ ដឺក្រេ) និង ២ គ្រាប់ទៀតជាសេនស័រជំនួយក្នុងការថតព្រាលផ្ទៃខាងក្រោយ ។ ចំណែកឯផ្នែកថាមពលថ្មវិញ វាអាចនឹងបំពាក់មកជាមួយថ្មដែលមានទំហំ ៤,០០០ mAh ព្រមទាំងគាំទ្រមុខងារសាកថ្មល្បឿនលឿន VOOC ៣.០ ទៀតផង ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី