
ក្រុមយក្សនៅក្របខណ្ឌ Bundesliga បានលើកពានក្នុងស្រុកលើកទី ២៨ របស់ពួកខ្លួន ក្រោយទទួលជ័យជម្នះក្នុងលទ្ធផល ៤-១ លើ Augsburg កាលពីថ្ងៃសៅរ៍នេះ។ ក្រោយពីចប់ការប្រកួតលោក Rummenigge បាននិយាយថា គាត់អាចនឹងបន្តកុងត្រាថ្មីជាមួយកីឡាករទាំងពីរដែលនឹងផុតកំណត់នៅចុងរដូវកាលនេះ។
ប្រធានក្លឹប FC Bayern München លោក Karl-Heinz Rummenigge បាននិយាយថា ក្លឹបអាចនឹងបន្តកុងត្រាថ្មីជាមួយ Arjen Robben និង Franck Ribery ។ គាត់បានប្រាប់ទស្សនាវដ្ដី SportBild ថា៖ “វាមិនមានអ្វីច្រើនដែលត្រូវនិយាយពាក់ព័ន្ធនឹងការបន្តកុងត្រាថ្មីទេ ។ ប៉ុន្តែ Robben ដែលមានវ័យ ៣៤ ឆ្នាំបានសារភាពថា គាត់អាចនឹងចាកចេញ”។
គាត់បាននិយាយថា៖ “វាអាចដែរ ព្រោះអ្វីគ្រប់យ៉ាងអាចកើតឡើងបានទាំងអស់។ ហេតុនេះហើយទើបអ្នកត្រូវតែព្យាយាមរីករាយនឹងការប្រកួតនេះ។ ជាការពិតណាស់ វាមិនងាយស្រួលនោះទេ ព្រោះអ្នកក៏ត្រូវរៀបចំគម្រោងផងដែរ។ខ្ញុំក៏ត្រូវគិតអំពីរឿងនេះផងដែរ។ ប៉ុន្តែរឿងដែលសំខាន់បំផុតចំពោះខ្ញុំនៅពេលនេះគឺនៅខែចុងក្រោយនៃរដូវកាលនេះ”។
ការប្រកួតបន្ទាប់សម្រាប់ Bayern Munich គឺជាជំនួបជើងទីពីរនៃវគ្គប្រាំបីក្រុមចុងក្រោយនៅក្របខណ្ឌ Champions League ជាមួយនឹង Sevilla នៅថ្ងៃពុធនេះ។ ពួកគេមានប្រៀបតាមរយៈលទ្ធផល ២-១ ក្រោយការប្រកួតជើងទីមួយកាលពីសប្តាហ៍មុនរួចទៅហើយ ៕
ដោយ៖ តារា