កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយខេត្តហឺណាន ប្រទេសចិន

17360
  • កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យលោក Ma Jian អគ្គនាយកនៃតំបន់សេដ្ឋកិច្ចពិសេសព្រលានយន្តហោះក្រុង Zhengzhou (Zhengzhou Airport Economic Zone-ZAEZ) នៃខេត្តហឺណាន ប្រទេសចិន និងសហការី អមជាមួយវត្តមានលោក Zhan Yuhong ស្ថានតំណាងទេសចរណ៍ប្រចាំទីក្រុង Zhengzhou ខេត្តហឺណាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ សំដៅពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងខេត្តហឺណាន ប្រទេសចិន និងព្រះរាជាណាចក្រកម្ពុជា ។  ការជួបពិភាក្សានេះ ផ្តោតសំខាន់ទៅលើចំណុចសំខាន់ដូចជា៖

    ១/ជំរុញការតភ្ជាប់ជើងហោះហើរពីខេត្តហឺណានមកកម្ពុជា ទាំងផ្នែកដឹកជញ្ជូនអ្នកដំណើរ (passengers) និងទំនិញ (Cargos) ។

    ២/ អាស្រ័យដោយខេត្តហឺណាន ជាខេត្តដែលមានប្រជាជនច្រើនរហូតប្រមាណ ១០០ លាននាក់ អង្គប្រជុំក៏ឯកភាព និងទទួលស្គាល់ភាពចាំបាច់ក្នុងការជំរុញ និងពិនិត្យលទ្ធភាពបង្កើតស្ថានអគ្គកុងស៊ុលខ្មែរប្រចាំនៅខេត្តហឺណាន ។

    ៣/ ការពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍តាមរយៈការត្រៀមរៀបចំព្រឹត្តិការណ៍ធំៗដើម្បីផ្សព្វផ្សាយទេសចរណ៍រួមគ្នានៃសក្តានុពលទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហឺណាន ជាពិសេសត្រៀមសហការរៀបចំពិធីបិទព្រឹត្តិការណ៍ឆ្នាំទេសចរណ៍ និងវប្បធម៌ កម្ពុជា-ចិន ផងដែរ។

    ៤/ភាគីទាំងពីរក៏បានឯកភាព នៅថ្ងៃអនាគត នឹងជំរុញឲ្យមានការចុះអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងតំបន់សេដ្ឋកិច្ចពិសេសព្រលានយន្តហោះក្រុង Zhengzhou (ZAE) របស់ខេត្តហឺណាន។

    សូមបញ្ជាក់ថា ខេត្តហឺណាន គឺជាខេត្តមួយរបស់ប្រទេសចិនដែលសំបូរដោយបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដូចជាវត្តសាវឡិញ Mt. Songshan’s Shaolin Temple ព្រះវិហារ Xiangguo Monastery ជាដើម ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី