ម្ចាស់ជ័យលាភីគំនូរ Logo និង Mascot នឹងក្លាយជាទូតសុច្ឆន្ទៈប្រចាំ SEA Games 2023

49994
  • ម្ចាស់ជ័យលាភីគំនូរស្លាកសញ្ញា Logo និង Mascot នឹងក្លាយជាទូតសុច្ឆន្ទៈប្រចាំព្រឹត្តការណ៍ SEA Games ២០២៣ នៅកម្ពុជា រួមទាំងប្រាក់រង្វាន់ច្រើនពាន់ដុល្លារ នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើក ទី៣២ ឆ្នាំ ២០២៣ នៅក្នុងសន្និសីទសារព័តមាន ស្តីពីការប្រលងប្រណាំងជ្រើសរើសគំនូរ «Logo» និង «Mascot» ស៊ីហ្គេម ឆ្នាំ ២០២៣ នៅគណកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

    ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ទៀតថា ការប្រកួតប្រជែងនេះ គឺបើកទូលាយ ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ពិសេសបេក្ខជនវ័យ ១៥ ឆ្នាំឡើងមានឱកាសបង្ហាញសមត្ថភាព និង​ ស្នាដៃសម្រាប់ប្រើប្រាស់ជាផ្លូវការក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រខាងលើ ។ ឯកឧត្តម បន្ដថា៖ “អ្នកឈ្នះជ័យលាភី នឹងត្រូវបានជ្រើសរើសដោយ CAMSOC ផ្ដល់មហាកិត្តិយស ដែលជាកំណត់ត្រាប្រវត្តិសាស្ដ្រថា គាត់គឺជាអ្នកគូរ Logo ឬ Mascot SEA Games-2023 ព្រមទាំងក្លាយទៅជាទូតសុច្ឆន្ទៈមួយរូប របស់ស៊ីហ្គេម នាឆ្នាំ ២០២៣ និងក្លាយជាភ្ញៀវពិសេស ត្រូវបានអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយ និងអប់រំនៅតាមសាលាផ្សេងៗ…ជាមួយនឹងប្រាក់រង្វាន់រាប់ពាន់ដុល្លារផងដែរ ” ។ ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ថា ចំពោះ Logo មិនត្រូវបានកំណត់ឲ្យធ្វើបែបណាឡើយ សំខាន់ត្រូវមានលក្ខណៈសិល្បៈអាចទទួលយកបានក្នុងគំនូររបស់បេក្ខជន ពិសេសត្រូវមានការស្រាវជ្រាវ និងបញ្ចូលនូវស្លាកសញ្ញាជាគំរូ នៃការប្រកួតកីឡាស៊ីហ្គេមមុនៗ ។ ឯរូបនិមិត្តរូប Mascot ត្រូវបានសម្រេចយករូប «សុភាទន្សាយ» ជាសត្វតំណាង តែត្រូវប្រាកដជាសត្វទន្សាយដែលមានចរិតលក្ខណៈបែបខ្មែរ និង ក្នុងរឿងព្រេងខ្មែរជាដើម ។ ដូច្នេះ យើងប្រើរូបសត្វទន្សាយ ជាសត្វតំណាងស៊ីហ្គេម ។ ឯកឧត្តម បញ្ជាក់ថា ដោយគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីធ្វើយ៉ាងណាឲ្យស៊ីហ្គេម នៅកម្ពុជា មានយុត្តិធម៌ ថ្លៃថ្នូរ និង កិត្តិយសក៏ដូចជាការជំរុញរបស់ថ្នាក់ដឹកនាំ CAMSOC ទើបកម្ពុជាសម្រេចប្រើរូបសត្វទន្សាយ ដែលជាសត្វតំណាងឲ្យតួអង្គយុត្តិធម៌ សភាវៈល្អ និងត្រឹមត្រូវ ក្នុងស៊ីហ្គេម ឆ្នាំ ២០២៣ ។

    ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន បានអំពាវនាវ និង ជំរុញឲ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាសិស្ស-និស្សិត ដែលមានសមត្ថភាព និង ទេពកោសល្យ ផ្នែកគូគំនូរ រួសរាន់ដាក់ពាក្យប្រឡងប្រណាំងឲ្យបានច្រើន ខណៈការប្រឡងបើកទូលាយ មិនគិតជាអ្នកគូរអាជីព ឬ មិនអាជីពឡើយ ពោលគឺ CAMSOC ចាប់ផ្ដើមទទួលពីឥលូវរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅលេខាធិការដ្ឋាន CAMSOC នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ចំពោះលទ្ធផលគ្រោងនឹងប្រកាស ក្នុងរយៈពេលខ្លី ដើម្បីចម្រាញ់យក Logo និង Mascot ទទួលបានជយលាភីធ្វើការផ្សព្វផ្សាយ ក្នុងឆ្នាំ ២០២០ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី