
លោក MahrezRabah Madjer គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល់ហ្សេរីបាននិយាយថា Riyad Mahrez ត្រូវតែប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំង ខណៈពេលដែលគាត់យល់ថាកីឡាកររូបនេះសមតែលេងឲ្យក្លឹបដែលល្អជាង Leicester ។
Mahrez បានខកខានមិនបានចូលលេង ២ ប្រកួតចុងក្រោយមកហើយ គឺនៅក្នុងការប្រកួតចាញ់ Everton ២-១ និងស្មើជាមួយ Swansea ១-១ ។
គាត់បានអវត្តមានពីការហ្វឹកហាត់រហូតដល់ចុងសប្តាហ៍មុន បន្ទាប់ពីការរាយការណ៍អំពីការផ្ទេរទៅលេងនៅ Manchester City មិនបានកើតឡើង។
ប្រសិនបើគាត់មិនផ្លាស់ប្តូរឥរិយាបថរបស់គាត់នៅសប្តាហ៍នេះទេ នោះ Mahrez អាចនឹងមិនត្រូវបានចូលលេងពេលប៉ះជាមួយ Citizens (Manchester City) នៅថ្ងៃសៅរ៍នេះទេ។
ទោះបីជា Madjer ចង់ឲ្យកីឡាករវ័យ ២៦ ឆ្នាំរូបនេះចាកចេញពី Leicester ក៏ដោយ ក៏គាត់ទទួលស្គាល់ថា Foxes បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ខ្សែប្រយុទ្ធស្លាបរូបនេះ។
គាត់បានប្រាប់ Goal ថា៖ «បច្ចុប្បន្ន Mahrez សមតែលេងនៅក្លឹបធំជាង Leicester ។ ប៉ុន្តែយើងមិនត្រូវភ្លេចទេថា Leicester ជាអ្នកបណ្តុះបណ្តាលគាត់ឲ្យដើរលើវិថីដែលត្រឹមត្រូវ»។
«ខ្ញុំគិតថា គាត់ត្រូវតែនិយាយឲ្យបានច្បាស់លាស់ជាមួយក្រុមប្រឹក្សាភិបាលរបស់ក្លឹប។ គាត់ចង់ទៅលេងឲ្យក្លឹបធំមួយនៅលីគរបស់អង់គ្លេស។ ខ្ញុំមិនដឹងថាតើមានអ្វីកើតឡើងឲ្យប្រាកដចំពោះការផ្ទេររបស់គាត់ទេ»។
«សម្រាប់ខ្ញុំ ខ្ញុំណែនាំគាត់ឲ្យបន្តការហ្វឹកហាត់ និងខិតខំបន្ថែមទៀត ទោះបីជាការផ្ទេរមិនទាន់ត្រូវបានដោះស្រាយក៏ដោយ»។
ដោយ៖ តារា
ប្រភព៖ foxsportsasia