
ខ្សែប្រយុទ្ធស្លាបសញ្ជាតិវេលស៍កីឡាករ Gareth Bale រូបនេះត្រឹមតែជាកីឡាករបម្រុងអំឡុងការប្រកួតយកឈ្នះលើ Juventus នៅក្របខណ្ឌ Champions League កាលពីពាក់កណ្តាលសប្តាហ៍មុន។
គាត់ដូចជាចង់មានឱកាសចូលលេងពេលប៉ះជាមួយ Juvetus ណាស់បន្ទាប់ពីកីឡាកររូបនេះស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងលទ្ធផល ៣-០ ជួយឲ្យក្រុមយកឈ្នះលើ Las Palmas និងជ័យជម្នះក្នុងលទ្ធផល ៦-៣ ដែលក្រុមទទួលបានលើ Girona ប៉ុន្តែផ្ទុយទៅវិញ គាត់ត្រូវអង្គុយជាកីឡាករបម្រុងពេញ ៩០ នាទី។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងការប្រកួតជាមួយ Atletico Madrid កាលពីយប់ថ្ងៃអាទិត្យនេះ គេឃើញថា Bale បានចូលលេងពេញមួយប្រកួតទាំងមូលដោយបញ្ចប់ត្រឹមលទ្ធផល ១-១ មុនពេលត្រូវជួបជាមួយ Juventus ម្តងទៀតនៅក្នុងការប្រកួតជើងទីពីរវគ្គ ប្រាំបីក្រុមចុងក្រោយនៅ Champions League ។
នៅក្នុងសន្និសីទសារព័ត៌មានក្រោយពីចប់ការប្រកួតនៅថ្ងៃអាទិត្យនេះ Zidane បាននិយាយថា៖ “ខ្ញុំដឹងថា គាត់មានអារម្មណ៍មិនល្អឡើយ តែនេះជារឿងធម្មតាទេ ។កីឡាករគ្រប់គ្នាសុទ្ធតែចង់ចូលលេងនៅគ្រប់ការប្រកួត។ យើងដឹងច្បាស់ថាគាត់ជាកីឡាករដែលមានសមត្ថភាពខ្ពស់ និងដឹងនូវអ្វីដែលគាត់បានធ្វើ ។ ខ្ញុំត្រូវតែធ្វើការសម្រេចចិត្ត ប៉ុន្តែប្រសិនបើគាត់មិនបានចូលលេងក្នុងពីរប្រកួត នោះមិនមែនមានន័យថាគាត់លេងមិនបានល្អនោះទេ។ ខ្ញុំនៅតែគិតថា គាត់ជាកីឡាករដ៏សំខាន់ម្នាក់ជានិច្ច”។
លោក Zidane បានបន្ថែមទៀតថា៖ “សម្រាប់ខ្ញុំគិតថា គាត់នឹងបន្តលេងនៅទីនេះទៀត ប៉ុន្តែខ្ញុំមិនដឹងនូវអ្វីគ្រប់យ៉ាងដែលនឹងកើតមានឡើងនោះទេ ។ គាត់នឹងមិនបាត់បង់ការតាំងចិត្តនោះទេ គឺដូចជាកូនក្រុមដទៃទៀតផងដែរ។ វាជាកិច្ចការរបស់ខ្ញុំដែលត្រូវព្យាយាមធ្វើឲ្យប្រាកដថា គាត់អាចលេងបានល្អដូចរាល់ដងជានិច្ច។ គាត់គឺជាកីឡាករដ៏សំខាន់ម្នាក់ ប៉ុន្តែកីឡាករផ្សេងទៀតដែលបានលេងជាមួយ Juventus ក៏ធ្វើបានល្អដែរ។ កីឡាបាល់ទាត់គឺបែបនេះហើយ”៕
ដោយ៖ តារា