CEO ក្លឹប Inter Milan លោក Marotta កំពុងសង្ឃឹមថា នឹងអាចលក់ Icardi ចេញឱ្យបានឆាប់ៗនេះ

38598
  • បើយោងតាមនាយកប្រតិបត្តិលោក Giuseppe Marotta បានឱ្យដឹងថា  Mauro Icardi មិនមែនជាផ្នែកមួយនៃផែនរបស់ក្លិប Inter Milan ទៀតឡើយ ហើយក្លិបយក្ស Serie A មួយនេះនៅតែសង្ឃឹមថា នឹងអាចលក់អតីតប្រធានក្រុមរបស់ពួកគេឱ្យបានមុនទីផ្សាដោះដូរកីឡាករត្រូវបិទ ។

    ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Mauro Icardi ដែលបានផ្ទេរពីក្រុម Sampdoria ក្នុងឆ្នាំ ២០១៣ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ចេញពីទឹកដី San Siro នារដូវក្ដៅនេះ ខណៈគូប្រជែង Napoli និង Juventus ត្រូវបានគេរាយការណ៍ថា កំពុងនាំមុខគេក្នុងការនាំយកកីឡាករវ័យ ២៦ ឆ្នាំរូបនេះ ។ សមាជិកក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ មិនបានបង្ហាញខ្លួននៅប្រកួតនាចុងរដូវកាលមុន និងត្រូវបានដកចេញពីតំណែងជាប្រធានក្រុម ដោយសារតែជម្លោះកិច្ចសន្យាជាមួយនឹងកុងត្រាបច្ចុប្បន្នរបស់គាត់ដែលនៅសល់ ២ រដូវកាលទៀត ។

    Icardi បានវិលត្រឡប់មកលេងឱ្យក្រុម Inter វិញមុនពេលបញ្ចប់រដូវកាល ២០១៨/២០១៩ ប៉ុន្តែថ្នាក់ដឹកនាំរបស់ក្លឹបបានកំពុងព្យាយាមលក់កីឡាកររូបនេះនៅរដូវក្តៅ ។ ក្រុម Inter បាននាំយកខ្សែប្រយុទ្ធឆ្នើមៗដូចជា Romelu Lukaku ពីក្រុម Manchester United ហើយពួកគេថែមទាំងប្រគល់អាវលេខ ៩ ទៅឱ្យកីឡាករសញ្ជាតិប៊ែលហ្សិករូបនេះទៀតផង ។ ខណះ Inter បន្តខ្ចីជើងខ្សែប្រយុទ្ធម្នាក់ទៀតរបស់ក្រុមបិសាចក្រហម គឺកីឡាករ Alexis Sanchez ដូច្នេះកន្លែងរបស់ Icardi នៅក្នុងទឹកដី San Siro ប្រហែលជាលែងមានទៀតហើយ ។

    លោក Marotta ដែលជា CEO របស់​ Inter បានប្រាប់ Tuttomercatoweb ថា៖ “ នៅពេលដែលយើងធ្វើសកម្មភាព យើងបានធ្វើដូច្នេះ ដោយមនសិការ និងមានស្មារតីទទួលខុសត្រូវ ។ ក្លិបមានកាតព្វកិច្ច និងសិទ្ធិក្នុងការជ្រើសរើសជំហររបស់ពួកគេ ។ ពួកគេត្រូវធ្វើការសម្រេចចិត្ត ។ យើងពិតជាមិនធ្វើបាបខ្លួនឯងទេ ។ យើងតែងតែធ្វើដោយគោរពដល់កីឡាកររបស់យើង  ។ នៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះ ប៉ុន្តែខ្ញុំនៅតែសង្ឃឹមថា វាអាចត្រូវបានដោះស្រាយតាមរបៀបវិជ្ជមាន ។ យើងមិនអាចនិយាយអ្វីទាំងអស់ជាសាធារណៈទេ ប៉ុន្តែយើងតែងតែធ្វើអ្វីគ្រប់យ៉ាងប្រកបដោយទំនួលខុសត្រូវ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី