
អង្គរក្សម្នាក់របស់អតីតកីឡាករប្រដាល់ Floy Mayweather បានទទួលរងរបួសនៅពេលដែលក្មាន់កាំភ្លើងបានបាញ់រះចេញពីក្នុងរថយន្តទៅលើក្បួនរថយន្តរបស់អតីតកីឡាករប្រដាល់រូបនេះ នៅទីក្រុងអាត្លង់តាកាលពីថ្ងៃច័ន្ទ នេះបើតាមសេចក្តីប្រកាសរបស់ប៉ូលីស។
អ្នកនាំពាក្យរបស់ស្នងការនរគរបាលប្រចាំទីក្រុងអាត្លង់តាបានបញ្ជាក់ថា Mayweather ពុំស្ថិតនៅក្នុងរថយន្តដែលត្រូវបានវាយប្រហារនោះទេ និងមិនទទួលរងគ្រោះថ្នាក់អ្វីឡើយ។ អង្គរក្សម្នាក់របស់ Mayweather គឺលោក Gregory LaRosa ត្រូវមួយគ្រាប់ចំជើង ត្រូវបានបញ្ជូនចេញពីពេទ្យបីម៉ោងក្រោយការបាញ់ប្រហារ។ ក្រុមអ្នកហែរហម Mayweather បានចូលក្លឹបរាត្រីមួយកន្លែងនៅល្ងាចថ្ងៃនោះ ហើយពួកគេជិះរថយន្តស្ព័រទំនើបបីគ្រឿងបន្ទាប់ពីចាក់ចេញពីការញ៉ាំអាហារពេលល្ងាចនៅម៉ោង ២រំលងអាធ្រាត។
មានរថយន្តមួយគ្រឿងបានបើកមកបង្អាក់រថយន្តស្ព័រទាំងនោះនៅត្រូវផ្លូវបំបែក ហើយរថយន្តនោះបានធ្វើការបាញ់រះ ដោយបាញ់ត្រូវ LaRosa មួយគ្រាប់ត្រង់ជើង។ អ្នកបើករថយន្តឲ្យ LaRosa បានបើកទៅមន្ទីរពេទ្យភ្លាមៗ។ ប៉ូលីសជឿជាក់ថាអ្នកបាញ់ប្រហារប្រាកដជាស្គាល់ក្បួនរថយន្តហែរហមនោះច្បាស់ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថាមានអ្វីកើតឡើងទេមុនរឿងហេតុនេះកើតឡើង។ Mayweather ត្រូវបានរាយការណ៍ថាចូលផ្សព្វផ្សាយព្រឹតិ្តការណ៍ប្រដាល់នៅ Las Vegas ទីក្រុងអាត្លង់តាកាលពីរាត្រីថ្ងៃសៅរ៍ ៕
ដោយ៖ តារា