
អតីតខ្សែបម្រើរបស់ Bayern Munich កីឡាករ Owen Hargreaves ជឿថា ម្ចាស់ជើងឯកក្របខណ្ឌ Bundesliga មួយនេះគឺជាអ្នកនាំមុខគេក្នុងការដណ្តើមពាន UEFA Champions League នៅរដូវកាលនេះ។
Die Roten (Bayern) ចង់ដណ្តើមយកពានបីនៅរដូវកាលនេះ។ ពួកគេបានឈ្នះពាន Bundesliga ជាលើកទី ៦ ជាប់គ្នារួចហើយ និងកំពុងតែស្ថិតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ DFB-Pokal និង បានផ្ដួល់ Sevilla ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ទៀតផង ។
នៅពេលដែលត្រូវបានគេចោទសួរអំពី Heynckes លោក Hargreaves បានប្រាប់ទូរទស្សន៍ BT Sport ថា៖ “គាត់បានប្រើបទពិសោធន៍ទាំងអស់របស់គាត់ដល់កម្រិតនេះហើយ។ គាត់គឺជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ ហើយកីឡាករទាំងអស់គោរពស្រឡាញ់គាត់ណាស់ ។ បច្ចុប្បន្ននេះ Bayern មិនបានផ្តល់ឱកាសច្រើនដល់ក្រុមផ្សេងទៀតក្នុងការវាយសម្រុកដូចនៅពេលដែលពួកគេបានស្ថិតក្រោមការដឹកនាំរបស់ Guardiola ឡើយ។ ពេល Pep ដឹកនាំ ពួកគេពូកែខាងការពារ ធ្វើការគ្រប់គ្រងបាល់បានច្រើន ហើយតែងធ្វើការសម្រុកលើគូប្រកួត។ នៅពេលដែលពួកគេចាញ់ Real Madrid, Barcelona និង Atletico Madrid កាលពីប៉ុន្មានឆ្នាំមុននោះ គ្រាប់បាល់ភាគច្រើនកើតឡើងនៅតំបន់គ្រោះថ្នាក់”។
“លើកនេះ Bayern Munich នឹងមិនមានបញ្ហាចោទដូចមុនទៀតទេ។ ពួកគេលេងប្រុងប្រយ័ត្នច្រើនជាមុនបន្តិចឥឡូវនេះ ព្រោះពួកគេស្ថិតក្រោយការដឹកនាំថ្មី។ វាពិតជាស័ក្តិសមនឹងក្របខណ្ឌ Champions League ណាស់ ដោយសារតែក្រុមដែលនៅសល់ទាំងអស់លេងបាល់ក្នុងទម្រង់ប្រយុទ្ធ ប៉ុន្តែក៏ប្រថុយនឹងការផ្តល់ឱកាសដល់គូប្រកួតផងដែរ ។ Bayern គឺជាក្រុមតែមួយគត់ដែលលេងប្រកបដោយភាពហ្មត់ចត់ ព្រោះពួកគេត្រូវបានបង្វឹកឡើងសម្រាប់ទម្លាក់ក្រុមផ្សេងទៀត។ គ្មានក្រុមណាចង់លេងជាមួយពួកគេទេ ហើយខ្ញុំមិនដែលឃើញក្រុមណាយកឈ្នះលើពួកគេទាំងពីរជើងឡើយ” ៕
ដោយ៖ តារា