អាជ្ញាធរហុងកុងទទួលបានការប្រកាសអាសន្នបោកបញ្ឆោតមួយដែលថា មានគ្រាប់បែកនៅលើយន្តហោះ

43635
  • នារសៀលថ្ងៃអាទិត្យសប្តាហ៍មុននេះ អាជ្ញាធរព្រលានយន្តហោះហុងកុងបានទទួលការប្រកាសអាសន្នបោកបញ្ឆោតមួយ ដែលបានប្រកាសថា មានគ្រាប់បែកនៅលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ស៊ិនជិន ជើងហោះហើរលេខ ZH9069 ដែលគ្រោងធ្វើដំណើរទៅកាន់ វ៊ូស៊ី ជាទីក្រុងនៅភាគខាងកើតប្រទេសចិន ។

    ប៉ុន្តែស្របពេលជាមួយគ្នានេះ មន្រ្តីប៉ូលិសបានអះអាងថា មិនមានគ្រឿងផ្ទុះអ្វីមួយនៅលើយន្តហោះនោះទេ ។ យ៉ាងណាមិញ ហេតុការណ៍នេះពុំបានបង្កការរំខានដល់ដំណើរការនៅឯព្រលានយន្តហោះហុងកុងនោះទេ នេះបើតាមយោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរអាកាសចរណ៍ហុងកុង ។ គួរបញ្ជាក់ផងដែរថា ក្រុមបាតុករក្រុងហុងកុង នៅព្រឹកថ្ងៃចន្ទនេះ បានបង្កភាពចលាចលជាថ្មីនៅឯស្ថានីយរថភ្លើងក្រោមដីដ៏មមាញឹកនៅក្នុងទីក្រុង បន្ទាប់ពីបានប៉ះទង្គិចគ្នាដ៏ហិង្សានៅក្នុងបាតុកម្មតវ៉ាកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ។

    បើទោះជាក្រុមបាតុករអំពាវនាវឱ្យមានការធ្វើបាតុកម្មតវ៉ាជាថ្មី នៅថ្ងៃចន្ទនេះក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា ស្ថានភាពហាក់ដូចជាស្ងប់ស្ងាត់ជាងកាលពីចុងសប្ដាហ៍កន្លងទៅ ដោយហាងនានាចាប់ផ្ដើមបើកទ្វារ រថភ្លើងដំណើរការឡើងវិញ រីឯមនុស្សម្នាទាំងឡាយនៅតែចេញទៅបំពេញការងាររៀងៗខ្លួនដដែល ។ ដោយឡែកសាលារៀនមួយចំនួនត្រូវបានបង្គាប់ឱ្យបិទទ្វារជាបណ្ដោះអាសន្ន ដោយ សារតែការព្រមានពីព្យុះទីហ្វុងមួយ ដែលកំពុងបក់បោកមកកាន់ទីក្រុងហុងកុង ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី