គ្រូបង្វឹកបាល់ទះទាំងអស់ ដែលទទួលចំណេះដឹងថ្មីៗពីវគ្គបណ្ដុះបណ្ដាលត្រូវចាប់ផ្តើមបង្កើនសមត្ថភាព

71824
  • អគ្គលេខាធិការរងអូឡាំពិកម្ពុជា ឯកឧត្តម តែម ម៉ឺន ក្រើនរំលឹកដល់សិក្ខាកាមជាគ្រូបង្វឹកដែលទទួលបានចំណេះដឹងពីវគ្គបណ្ដុះបណ្ដាលបាល់ទះ ត្រូវចាប់ផ្តើមបង្កើតធនធានប្រកបដោយសក្តានុពល សម្រាប់កម្ពុជា ត្រៀមការប្រកួតជាលក្ខណៈអន្តរជាតិផ្សេងៗ ជាពិសេសព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅកម្ពុជា ។

    ឯកឧត្តម អគ្គលេខាធិការរង បានជម្រុញឱ្យគ្រូបង្វឹកកីឡាបាល់ទះទាំងអស់ ត្រូវសិក្សាស្វែងយល់បង្កើនសមត្ថភាពបន្ថែម តាមរយៈការសិក្សាស្រាវជ្រាវតាមប្រព័ន្ធអនឡាញ ព្រោះថា វគ្គសិក្សានេះ គឺវាស្ថិតក្នុងកម្រិតទី១ នៅឡើយទេ ពោលវាគ្រាន់ជាមូលដ្ឋានគ្រឹះប៉ុណ្ណោះ ។ ដូច្នោះ ដើម្បីឱ្យយើងក្លាយជាគ្រូកម្រិតខ្ពស់ជាងនេះ ហើយអាចឈានចូលរួមកម្រិតអន្តរជាតិ ចាំបាច់យើងត្រូវមានចំណេះដឹង បទពិសោធន៍ថ្មីៗស្តីអំពីការវិឌ្ឍន៍រីកចំរើន នៃលក្ខន្តិកៈរបស់សហព័ន្ធបាល់ទះអន្តរជាតិ ។
    វគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីបច្ចេកទេសគ្រូបង្វឹកកីឡាបាល់ទះកម្រិតទី១ នេះ បានដំណើរការរយៈ ពេល ៤ ថ្ងៃ ដោយមានសិក្ខាកាមចូលរួមចំនួន ៣២ មកពី ២០ អង្គភាព សមាគម ក្លឹប ទូទាំង ២៥ រាជធានី-ខេត្ត ។ ហើយវគ្គសិក្សានេះ បានបង្ហាត់បង្រៀនស្តីអំពី ចំណេះដឹងលើផ្នែកទ្រឹស្ដី និងការលើក កម្ពស់កម្រិតសមត្ថភាពបច្ចេកទេស ដូចជាប្រវត្តិ នឹងរចនាសម្ព័ន្ធរបស់សហព័ន្ធបាល់ទះអន្តរជាតិ (FIVB) ការដឹកនាំលេងហ្គេម ជំនាញបច្ចេកទេស ដូចជាការទទួលបាល់ ការបញ្ជូនបាល់ ការវាយ សេវា ការការពារ ការធ្វើរបាំង និងកលល្បិចរបស់ក្រុមក្នុងពេលប្រកួត ។ ឆ្លងកាត់ការសិក្សារយៈ ពេល ៤ ថ្ងៃ ជាលទ្ធផលសិក្ខាកាម ៩ ទទួលបាននិទ្ទេសល្អ ស្មើរ ៣០ ភាគរយ ល្អបង្គួរចំនួន ៧ នាក់ស្មើនឹង ២០ ភាគរយ និទ្ទេសមធ្យមមធ្យមចំនួន ១៦ នាក់ស្មើនឹង ៥០ ភាគរយ ។

    សូមបញ្ជាក់ថា តាំងពីឆ្នាំ ១៩៩៦ មកអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ បានផ្ដល់វគ្គបែបនេះដល់កម្ពុជាបានចំនួន ៥៦ វគ្គហើយ ក្នុងនោះសម្រាប់បាល់ទះ ៦ វគ្គ សិក្ខាកាមសរុបចំនួន ១៣៨ នាក់ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី