សិក្ខាសាលាស្តីពីការគ្រប់គ្រងវិស័យអប់រំកាយនិងកីឡា គឺជាឱកាសក្នុងការស្រង់មតិបញ្ហាប្រឈមនានា

27054
  • ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ប្រមូលធាតុចូល ដើម្បីរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា នាព្រឹកមិញ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

    ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ការរៀបចំសិក្ខា សាលាពិគ្រោះយោបល់នេះត្រូវបានធ្វើឡើង ក្នុងគោលបំណងដើម្បីទទួលបាននូវមតិយោបល់បទពិសោធន៍ នៃ ការអនុវត្ត បញ្ហាប្រឈមនានា សំណូមពរ ដើម្បីគណៈកម្មការយកមកសិក្សាដាក់បញ្ជូលក្នុងសេចក្តីព្រាងច្បាប់ នេះ ដើម្បីឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីមានវិសាលភាពគ្របដណ្តប់វិស័យអប់រំកាយ និងកីឡា ។ ឯកឧត្តមបញ្ជាក់ថា ការហ្វឹកហាត់អប់រំកាយ និងកីឡា គឺជាសិទ្ធិមូលដ្ឋានសម្រាប់ទាំងអស់គ្នា ដែលជា ទូទៅការអប់រំកាយ និងកីឡា គឺជាធាតុសំខាន់ នៃការអប់រំពេញមួយជីវិត នៅក្នុងប្រព័ន្ធអប់រំ ។ ការអប់រំកាយ និងកីឡាធានាការអភិវឌ្ឍ និងរក្សាការពារកម្លាំងកាយ បញ្ញាស្មារតី និងសីលធម៌របស់មនុស្សលោក ។ សមាស ភាគមួយនៃវិស័យអប់រំ ដែលមធ្យោបាយហាត់ពត់រាងកាយ និងបញ្ញាស្មារតីរបស់មនុស្សឱ្យមានការលូតលាស់ល្អ រក្សាកម្លាំងពលំមាំមួន និងមានសុខភាពល្អ ជួយកសាងធនធានមនុស្សឱ្យក្លាយជាពលរដ្ឋល្អ រួមចំណែក កសាង និងការពារជាតិមាតុភូមិ ។

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ និងសង្គមកីឡាបានធ្វើឲ្យវិស័យកីឡាជាតិរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែយើងបានជួបនូវបញ្ហាខ្លះៗ ក្នុងការគ្រប់គ្រងដឹកនាំយន្តការការងារមិនអាចដំណើរការដោយរលូននោះទេ ដូច្នេះហើយការរៀបចំសិក្ខាសាលារបស់ក្រសួងអប់រំនាពេលនេះ គឺរឿងដ៏សំខាន់ដើម្បីឈានដល់ការធ្វើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី