
អ្នកចាត់ការក្លឹប Tottenham Hotspur គឺលោក Pochettino សង្ឃឹមថាការឆាប់គិតគូរអំពីរឿងផ្ទេរកីឡាករកាន់តែបានឆាប់គឺកាន់តែល្អ ដោយមិនត្រូវរងចាំមើលកីឡាករពេលប្រកួតបាល់ទាត់ពិភពលោក (World Cup) នោះទេ ព្រោះថាពេលនោះវានឹងមានភាពស្មុកស្មាញទាំងពេលវេលា និងតម្លៃខ្លួនកីឡាករ។
លោកបាននិយាយថា “វាជារឿងដ៏គ្រោះថ្នាក់ណាស់ដែលត្រូវចាំមើលជើងកីឡាករ នៅពេលប្រកួត World Cup នោះ”។ លោក Mauricio Pochettino បន្ថែមថា “ប្រសិនបើយើងឃើញកីឡាករនោះលេងល្អ នោះប្រាកដជាមានការប្រកួតប្រជែងច្រើន ដូចនេះតើយើងធ្វើម៉េចទើបអាចចុះកុងត្រាជាមួយកីឡាករនោះបានទៅ? ពេលខ្លះគឺយើងត្រូវតែចេះមើលទុកមុនដែរ គឺត្រូវគិតថា ok កីឡាករនេះល្អសម្រាប់ក្លឹបរបស់យើង តែត្រូវតែចុះកុងត្រាជាមួយកីឡាករនោះមុនការប្រកួត World Cup ចាប់ផ្តើម។ យើងត្រូវតែគិត និងមើលទុកជាមុន ព្រោះថាបើមិនដូចនេះទេគឺវានឹងពិបាកមិនខាន”។
“ក្នុងបាល់ទាត់វាមិនមែនសុទ្ធតែរឿងលុយរហូតនោះទេ។ តែការធ្វើបែបនេះពិតជាអាចជួយបាន។ ក្នុងនាមជាគ្រូបង្វឹករបស់ក្លឹបមួយយើងត្រូវតែមានគំនិតទាក់ទងនឹងរឿងបាល់ទាត់នេះ តែយើងក៏ត្រូវការឲ្យមានអ្នកជួយរុញគំនិតនោះឲ្យវាចេញជាសកម្មភាពដែរ។ នៅ Tottenham យើងត្រូវតែក្លាហាន មានភាពជឿជាក់ នឹងត្រូវតែខំធ្វើការច្រើនជាងក្លឹបដទៃដែលមានកម្រិតប្រហាក់ប្រហែលយើង”៕
ដោយ៖ តារា