រដ្ឋបាលខេត្តកំពង់ធំ បើកយុទ្ធនាការដាំកូនឈើប្រណិតចំនួន ២ម៉ឺនដើមនៅតាមសងខាងផ្លូវ

91989
  • នៅក្នុងពិធីសំណេះសំណាល បើកយុទ្ធនាការដាំកូនឈើប្រណិត ចំនួន២ម៉ឺនដើម នៅក្នុងបរិវេណវិទ្យាល័យកំពង់ធំ ដែលមានអ្នកចូលរួមប្រមាណជាង ១ពាន់នាក់ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ ឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា កូនឈើប្រណិតទាំងនេះ រួមមាន៖ ក្រញូង ធ្នង់ នាងនួន និងបេង បានការឧបត្ថមពីគម្រោងមូលនិធិបន្សាំនឹងការប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន ដែលមានលោក អ៊ុក ណាវ៉ាន់ ជាអ្នកសម្របសម្រួលគម្រោង ។ កូនឈើប្រណិត ទាំង២ម៉ឺនដើមនេះ នឹងត្រូវដាំនៅតាមសងខាងផ្លូវក្នុងខេត្ត ពីរង្វង់មូលតាក្រហមក (ស្ពានពោអង្រ្កង)ទៅដល់រង្វង់មូលដាវដែក ផ្លូវបំបែកព្រះវិហារ-សៀមរាប ហើយកូនឈើដែលនៅសល់នឹងត្រូវបែងចែកទៅឲ្យស្រុកទាំង៨ទៀត យកទៅដាំតាមទីតាំងដែលរដ្ឋបាលស្រុកនីមួយៗបានរៀបចំ ។

    ឯកឧត្ដម សុខ លូ បានជម្រុញដល់ មន្ទីរ អង្គភាពទាំងអស់ ដែលទទួលបានកូនឈើនៅ ព្រឹកនេះ ត្រូវ​យក​ទៅដាំតាមទីតាំងដែលរដ្ឋបាលខេត្ត និងក្រុងស្ទឹងសែនបានរៀបចំ ហើយត្រូវខិតខំដាំកូនឈើ ទាំងនេះ ឱ្យអស់ ដាំឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយបន្ទាប់ពីដាំរួចត្រូវទទួលខុសត្រូវធ្វើស៊ុការពារ និងថែទាំ​កូន​ឈើទាំងអស់ដែលមន្ទីរ អង្គភាពរបស់ខ្លួនបានដាំដោយខ្លួនឯង រហូតដល់កូនឈើ ដុះលូតលាស់ ធំធាត់។ ប្រសិនបើកូនឈើដែលបានដាំហើយមានការខូចខាត ឬបាត់បង់ដោយប្រការណាមួយនោះ ត្រូវរាយការណ៍​មករដ្ឋបាលខេត្ត ហើយត្រូវយកកូនឈើពីមន្ទីរកសិកម្ម ទៅដាំជួស ពោលមិនត្រូវទុក​ឱ្យរណ្ដៅដែលខូច​នោះ​នៅទំនេរ ដោយមិនមានការដាំថ្មីជំនួសនោះឡើយ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់ស្រុកទាំង៨ទៀត ត្រូវយកកូនឈើទៅដាំឲ្យបានឆាប់ នៅតាមទីតាំងដែលរដ្ឋបាលស្រុកនីមួយៗបានរៀបចំ ដូចជាដាំលម្អតាម​សងខាងផ្លូវ ឬសួនកំសាន្តសាធារណៈនានារបស់ស្រុក ។

    ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវស្រឡាញ់ដើមឈើ ស្រឡាញ់បរិស្ថាន រួមគ្នាដាំដើមឈើដើម្បីអនាគតប្រទេសជាតិយើង ដើម្បីអនាគតកូនចៅយើងជំនាន់ក្រោយ ហើយការដាំកូនឈើ នៅថ្ងៃនេះ ទុកជាមរតកសម្រាប់កូនចៅយើងជំនាន់ក្រោយបានដឹង និងបានស្គាល់ ប្រភេទឈើ​ប្រណិតទាំង​អស់​នេះផងដែរ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី