ម្ចាស់មេដាយលើ ៣ ប្រភេទកីឡារទទួលប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលកម្ពុជា សរុបជាង ២០០លានរៀល

32937
  • ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ២០៩.៦០០.០០០រៀល (ពីររយប្រាំបួនលានប្រាំមួយរយពាន់រៀលគត់) ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រគល់ជូនដល់ជ័យលាភីលើ៣ប្រភេទកីឡា ដែលដណ្តើមបានមេដាយនៅក្នុងកម្រិតអន្តរជាតិផ្សេងៗពីគ្នានាពេលកន្លងមក។ ពិធីប្រគល់ប្រាក់រង្វាន់នេះត្រូវបានធ្វើឡើងក្រោមអធិបតី ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកឡា នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

    លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា កីឡា៣ប្រភេទ ដែលឈ្នះមេដាយអន្តរជាតិនេះ រួមមាន៖
    ១-ការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោកលើកទី១០ នៅប្រទេសថៃ បានបញ្ជូនប្រតិភូកីឡាកាយវប្បកម្មចំនួន១០នាក់ ដែលមានប្រទេសចូលរួមចំនួន ៥០ប្រទេស ហើយជាលទ្ធផល ក្រមកីឡាកម្ពុជា បានទទួលមេដាយមាស ១គ្រឿង ដោយទទួលបានរង្វាន់ជ័យលាភីជាទឹកប្រាក់ចំនួន ៤០លានរៀល ត្រូវបានប្រគល់ជូនគ្រូបង្វឹកម្នាក់ និងកីឡាករម្នាក់។
    ២-ការចូលរួមប្រកួត កីឡារំាជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០១៨ ដោយក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនប្រតិភូកីឡាជម្រើសជាតិ ដើម្បីទៅចូលរួមក្នុងការប្រកួត កីឡារាំជ្រើសរើសជើងឯកអាស៊ីឆ្នាំ២០១៨ ចំនួន១១នាក់ (ស្រី៦នាក់) នៅសាធារណរដ្ឋប្រជាមានិតចិន ដែលប្រទេសចូលរួមក្នុងការប្រកួតនេះមានចំនួន១៥។ ជាលទ្ធផល ក្រុមកីឡាជម្រើសជាតិកម្ពុជា បានទទួលមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសារាំគូ ដោយទទួលរង្វាន់ជ័យលាភីជាប្រាក់រង្វាន់ចំនួន ៣៣លានរៀល និងបានប្រគល់ជូនគ្រូបង្វឹកកីឡាករ ៣នាក់ (ស្រី១នាក់)។
    ៣-ការចូលរួមប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនប្រតិភូកីឡាជម្រើសជាតិចំនួន ១៦នាក់ (ស្រី៥នាក់) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន​ ដែលមានប្រទេសចូលរួមក្នុងការប្រកួតចំនួន ៧ប្រទេស។ ជាលទ្ធផលក្រមកីឡាជម្រើសជាតិកម្ពុជា បានទទួលមេដាយមាស៣ ប្រាក់៤ សំរឹទ្ធ៨គ្រឿង សរុប១៥គ្រឿង។ ចំពោះប្រាក់រង្វាន់ជ័យលាភីមានចំនួន ១៣៦លាន ៦សែនរៀល ត្រូវបានប្រគល់ជូនត្រូបង្វឹកកីឡាករ កីឡាការិនី ចំនួន ១៤នាក់ ៕

    ដោយ៖ តារា

    រូបភាព៖ SEA GAMES 2023

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី