វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែទឹកទីឆ្ងាយកម្រិតមូលដ្ឋាន បានបិទបញ្ចប់ហើយ

45927
  • វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកទីឆ្ងាយកម្រិតមូលដ្ឋាន នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាត្រូវបានបញ្ចប់កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមការឧបត្ថម្ភ គាំទ្រទាំងស្រុងពីសហព័ន្ធហែលទឹកអន្តរជាតិ (FINA) ។

    លោក ហែម ចាន់លី អនុប្រធានសហព័ន្ធខ្មែរកីឡាហែទឹកមានប្រសាសន៍ថា វគ្គគ្រូបង្វឹកហែលទឹកនេះ នឹងជួយជាប្រយោជន៍យ៉ាងសំខាន់ ដើម្បីជួយជ្រោមជ្រែងដល់ការអភិវឌ្ឍវិស័យកីឡាហែលទឹកនៅកម្ពុជា កាន់តែល្អប្រសើរ ជាពិសេសក៏អាចជួយបង្ហាត់បង្រៀនដល់ក្មេងៗ ដ៏ដូចជាមនុស្សម្នាទូទៅឲ្យចេះហែលទឹក ដើម្បីជៀសផុសពីការលង់ទឹកជាដើម ។ ថ្វីដ្បិតតែវគ្គបណ្តុះបណ្តាលនេះមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែលោកអនុប្រធានរូបនេះជឿជាក់ថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹងទាំងនេះទៅអភិវឌ្ឍ ក៏ដូចជាជួយបំផុស ស្មារតីវិស័យកីឡាហែលទឹកនេះឲ្យបានជ្រួតជ្រាបជូនដល់មហាជននានាឲ្យកាន់តែសម្បូរបែប ពីព្រោះថា បច្ចុ ប្បន្ន កម្ពុជានៅមានធនធានកីឡាករ កីឡាការិនីតិចតួចនៅឡើយ ។
    លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបញ្ជាក់ថា វគ្គបណ្តុះបណ្តា នៅឆ្នាំ២០១៩ នេះ គឺជាលើកទី២ ហើយ បន្ទាប់ពីវគ្គទី១ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៧ កន្លងទៅនៅទីរួមខេត្តកំពង់ចាម ដោយបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋានដូចគ្នា ប៉ុន្តែគ្រូទាំងនោះមកពីខេត្តដូចជាត្បូងឃ្មុំ កំពង់ចាម កណ្តាល និងបាត់ដំបង ។ សម្រាប់វគ្គបណ្តុះបណ្តាលគ្រូ ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញនេះ គឺត្រូវបានធ្វើឡើង ក្នុងគោលដៅពង្រឹងបន្ថែមជូនដល់គ្រូហែលទឹក ដែលមានចំណេះដឹងស្រាប់ ហើយបង្រៀនពួកគាត់ឲ្យយល់ កាន់តែស៊ីជម្រៅអំពីវិញ្ញាសា ហែលទឹកទីឆ្ងាយ (Open Water) ដែលកំពុងផ្តោតសំខាន់នាពេលនេះ ។

    សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកទីឆ្ងាយកម្រិតមូលដ្ឋាន ឆ្នាំ២០១៩ នេះ មាន សិក្ខាកាមចំនួន ២០ នាក់មកពី ៦ អង្គភាព ដោយបង្រៀនផ្នែកទ្រឹស្តី ដោយលោក នាង សូរិទ្ធីយ៉ា និងអនុវត្តផ្ទាល់ លើទីលាន ដោយលោក ហែមថុន ពន្លឺ ។ ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះត្រូវបានវាយតម្លៃថា ក្នុង ចំណោម ២០ នាក់ ក្នុងនោះសិក្ខាកាមទទួលបាននិទ្ទេសល្អ ៨៥% និងមធ្យម ១៥% ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី