កាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចុះចែកអំណោយដល់គ្រួសារររងគ្រោះដោយខ្យល់កន្ត្រាក់៣៣គ្រួសារនៅស្រុកលើកដែក

83738
  • កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដឹកនាំប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះចំនួន៣៣គ្រួសារ ស្ថិតក្នុងឃុំព្រែកដាច់ និងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមលោកអភិបាលស្រុក អាជ្ញាធរឃុំ ភូមិ អ្នកស្ម័គ្រចិត្តកាកបាទក្រហម យុវជនកាកបាទក្រហម និងសសយកស្រុក ។

    ឯកឧត្ដម គង់ សោភ័ណ្ឌ ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ហើយអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ពិតជាបានឆ្លើយតបបានទាន់ពេលវេលា និងសេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយដោយខ្យល់កន្ត្រាក់នៅពេលនេះ។
    ឯកឧត្ដមបន្តថា ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរស្រុក នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ មានករណីខ្យល់កន្ត្រាក់ លាយលំជាមួយភ្លៀង បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋ នៅឃុំព្រែកដាច់ និងឃុំពាមរាំង បានរលំ របើកដំបូល និងបណ្ដាលឱ្យប្រជាពលរដ្ឋរងរបួស ទើបសាខាកាកបាទក្រហមកម្ពុជាខេត្តបាននាំយកអំណោយដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូននៅពេលនេះ។ ឯកឧត្តមបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ មិនត្រូវបាក់ទឹកចិត្ត ត្រូវបន្តខិតរកស៊ីចិញ្ចឹមគ្រួសារអោយបានល្អ។
    ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកលើកដែក ចំនួន ៣៣ គ្រួសារ ស្មើនឹង ៣៣ ខ្នងផ្ទះ ក្នុងនោះនៅឃុំព្រែកដាច់ ចំនួន ៩ គ្រួសារ ស្មើនឹង ៩ ខ្នងផ្ទះ រលំផ្ទះទាំងស្រុងចំនួន ១ គ្រួសារ ស្មើនឹង ១ ខ្នងផ្ទះ ទទួលរងផលប៉ះពាល់ដោយអន្លើ ចំនួន ៨ គ្រួសារ ស្មើនឹង ៨ ខ្នងផ្ទះ និងនៅឃុំពាមរាំង ចំនួន ២៤ គ្រួសារ ស្មើនឹង ២៤ ខ្នងផ្ទះ រលំផ្ទះទាំងស្រុងចំនួន ១០ គ្រួសារ ស្មើនឹង ១០ ខ្នងផ្ទះ ទទួលរងផលប៉ះពាល់ដោយអន្លើ ចំនួន ១៤ គ្រួសារ ស្មើនឹង ១៤ ខ្នងផ្ទះ។

    ក្នុងឱកាសនោះដែរឯកឧត្ដម គង់ សោភ័ណ្ឌ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងរបួសដោយខ្យល់កន្ត្រាក់ នៅមន្ទីរពេទ្យបង្អែកស្រុកលើកដែក ដោយក្នុងនោះអ្នករងរបួសធ្ងន់ចំនួន៣នាក់ បានបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ចំនួន ១ នាក់ និង ២ នាក់ទៀតត្រូវបានក្រុមគ្រួសារបញ្ជូនទៅប្រទេសវៀតណាមដើម្បីព្យាបាល និងអ្នករបួសស្រាលស្រាលចំនួន ១០ នាក់ កំពង់សម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកលើកដែក ។
    អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ក្នុងមួយគ្រួសាទទួលបាន អង្គរ ៣០គីឡូ មីមួយកេះ ត្រីខមួយយួរ ទឹកត្រីមួយយួរ អាវចំនួន៤ និងថវិកាចំនួន ១០ម៉ឺនរៀល។ ប្រជាពលរដ្ឋដែលរលំផ្ទះទាំងស្រុងទទួលបានអង្គរ ៣០គីឡូ មីមួយកេះ ត្រីខមួយយួរ ទឹកត្រីមួយយួរ អាវចំនួន៤ តង់មួយ និងថវិកាចំនួន ៤០ម៉ឺនរៀល។ ដោយឡែកអ្នករងរបួសសាខាកាកបាទក្រហមកម្ពុជាខេត្តបានឧបត្ថម្ភ ដល់អ្នករបួសធ្ងន់ចំនួន ៣នាក់ ក្នុងម្នាក់ថវិកា ២៥ម៉ឺនរៀល និងអ្នករបួសស្រាលចំនួន ១០នាក់ ក្នុងម្នាក់ៗថវិកា ៨ ម៉ឺនរៀល ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី