
កីឡាករចំណូលថ្មីរបស់ក្លិប ព្រះខ័នរាជស្វាយរៀង ខ្សែប្រយុទ្ធ Shane Booysen បានបញ្ជាក់យ៉ាងច្បាស់ថា ក្លិប ភ្នំពេញក្រោន ជាក្រុមដែលជោគជ័យ ប៉ុន្តែពីអតីតកាលនោះទេ។
ការលើកឡើងនេះបានធ្វើឡើងនាក្នុងពិធីចុះកិច្ចសន្យាជាផ្លូវការលេងអោយក្លិប ព្រះខ័នរាជស្វាយរៀង ក្រោយផ្ទេរពីក្លិប ភ្នំពេញក្រោន ខណៈបុរសអាហ្វ្រិកខាងត្បូងរូបនេះក៏បានបញ្ជាក់ពីហេតុផលដែលចាកចេញពីក្លិបចាស់ផងដែរ។
« ជារឿងងាយស្រួលក្នុងការសម្រេចចិត្ត (ចូលរួមជាមួយក្លិប ព្រះខ័នរាជស្វាយរៀង) ដូចខ្ញុំនិយាយចឹងក្លិប ភ្នំពេញក្រោន គឺក្រុមដែលជោគជ័យ ប៉ុន្តែអតីតកាលនោះទេ។ ក្នុងអាជីពជាកីឡាករបាល់ទាត់បើសិនជាអ្នកចង់អភិវឌ្ឍន៍បន្តត្រូវតែចូលរួមលេងជាមួយក្លិបដែលល្អដើម្បីអោយមានសមត្ថភាពកាន់តែប្រសើរឡើង។ នេះមិនមែនមានន័យថា ភ្នំពេញក្រោន ជាក្រុមមិនល្អនោះដែរ ប៉ុន្តែរដូវកាលមុនយើងបានបញ្ចប់ជាមួយលទ្ធផលមិនស្ថិតនៅក្នងក្រុមកំពូលទាំង៤នោះទេ ដូច្នេះខ្ញូំត្រូវតែចូលរួមជាមួយក្លិបល្អមួយដូច ព្រះខ័នរាជស្វាយរៀង»។ សម្តីរបស់ Shane Booysen។
បុរសវ័យ២៩ឆ្នាំរូបនេះបន្ថែមថា « សម្រាប់ខ្ញុំគឺសប្បាយចិត្តនៅពេលបានចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង ដោយមានកីឡាករអាជីពពិតប្រាកដ ចឹងមានន័យគឺវាល្អមិនត្រឹមតែសម្រាប់ខ្ញុំ ដោយជាក្រុមទាំងមូលតែម្តង »។
រំលឹកថាមុនចូលរួមជាមួយក្លិប ព្រះខ័នរាជស្វាយរៀង Booysen ក៏ត្រូវបានក្លិបនៅលីគកំពូលម៉ាឡេសុី ចំនួន២ទាក់ទង់ចង់បាន ខណៈសាមីខ្លួនបង្កើបថាមានក្លិប Negeri Sembilan FA និង PKNP។
គួរបញ្ជាក់ថា កីឡាករ Booysen Shane បានបញ្ចប់កិច្ចសន្យាជាមួយក្លិបភ្នំពេញក្រោន ជាផ្លូវការហើយត្រឹមរដូវកាល២០១៧កន្លងទៅថ្មីៗនេះ បន្ទាប់ពីចំណាយពេល២រដូវកាល ជាមួយក្លិប។
បុរសវ័យ២៩ឆ្នាំរូបនេះ កើតនៅរាជធានី Cape Town ប្រទេសអាហ្វ្រិកខាងត្បូង ចាប់ផ្តើមលេងបាល់ទាត់ដំបូងជាមួយក្រុម Ajax Cape Town នៅក្នុងវ័យ១០ឆ្នាំ។ ៤ឆ្នាំបន្ទាប់ក៍បានចូលរួមជាមួយក្រុម Hellenic FC Academy អស់រយៈពេល៣ឆ្នាំមុនពេលបង្ហាញខ្លួនជាមូួយក្រុម Western Province ក្នុងឈុតអាយុក្រោម១៧ឆ្នាំ ហើយក៍ត្រលប់មកចូលរួមជាមួយ Ajax Cape Town វិញ និងត្រូវបានដាក់អោយខ្ចីជើងទៅក្រុម Ikapa Sporting លីកលំដាប់ទី១។
នៅក្នុងខែ មីនា ឆ្នាំ២០១៤បានសម្រេចិត្តចេញមកប្រកបអាជីពក្រៅប្រទេសជាមួយក្រុម Rbac Mittraphap និង Bangkok Christian College-Tero នៅលីគលំដាប់ទី៣នៃប្រទេសថៃ មុនពេលចូលរួមជាមួយភ្នំពេញក្រោនដោយរកបាន២៤គ្រាប់ និងជួយអោយឈ្នះពានលីកកម្ពុជារដូវកាល២០១៥ផងដែរ៕
ដោយ៖ តារា