
សារព័ត៌មានជាច្រើនធ្លាប់សង្ស័យថា តើ Barcelona អាចនឹងយកបានពានទាំងបីក្នុងមួយរដូវកាលនេះ ឬ យ៉ាងណាក្រោមការដឹកនាំរបស់លោក Valverde តែក្រោយមកនៅសល់ត្រឹមពីរវិញ ពេល Barca ត្រូវធ្លាក់ចេញពី Champions League។
“យើងមិនទាន់បានឈ្នះអ្វីមួយនៅឡើយ” គឺជាប្រយោគដែល Valverde តែងតែនិយាយរាល់លើក តែពេលនេះគាត់បានឈ្នះមួយហើយ។ The Copa del Rey គឺជាពានទីមួយហើយដែលក្លឹប Barca ទទួលបានក្រោមការដឹកនាំរបស់លោក Velverde ។ នៅពេលអ្នកដឹកនាំក្រុមដ៏អស្ចារ្យមួយហើយចាញ់នោះ វាជាគ្រោះថ្នាក់ដ៏ធំណាស់ មិនមែនជារឿងតូចតាច ដូចពេលក្រុមខ្សោយៗចាញ់នោះទេ។ នេះជាសម្តីរបស់លោក Valverde ដែលនិយាយពីបរាជ័យក្នុង Champions League។
ក្រោយជ័យជម្នះនេះ គ្រូបង្វឹករូបនេះបានលើកសរសើរកីឡាករមួយរូបជាពិសេស ដោយលោកបាននិយាយថា “គេអាចធ្វើឲ្យស្ថានភាពស្មុកស្មាញមើលទៅ ដូចជាស្រួលណាស់ ហើយពេលមើលគេប្រកួតម្តងៗពិតជាមានអារម្មណ៍ល្អណាស់ ហើយថ្ងៃនេះគេក៏រកគ្រាប់បាល់បានដែរ”។ កីឡាករដែលគាត់និយាយនោះគឺ Andres Iniesta ដែលជាប្រធានក្រុមក្លឹបនាពេលបច្ចុប្បន្ន ដែលនៅសប្តាហ៍នេះ ប្រធានក្រុមរូបនេះនឹងធ្វើការសម្រេចជាផ្លូវការរឿងផ្ទេរទៅចិនហើយ។
លោក Valverde ក៏បានលើកសរសើរដល់អ្នកចាំទីគឺកីឡាករ Jasper Cillessen ដែលបានការពារសំណាញ់ទីបានយ៉ាងល្អ និងអ្នកការពារស្លាបឆ្វេងគឺកីឡាករ Jordi Alba ផងដែរ។ នៅសប្តាហ៍ក្រោយនេះ ប្រសិនបើ Barca អាចយកឈ្នះ Deportivo La Coruna ទៀតនោះ វានឹងក្លាយជាជ័យជម្នះដែលនាំឲ្យ Barca គ្រងជើងឯកលីគ ត្រឹមនេះហើយ ហើយដែលអាចជាជំហានមួយខិតជិតដល់ការចារជាប្រវត្តិសាស្ត្រ ក្លឹបមិនដែលចាញ់សោះពេញមួយរដូវកាលផងដែរ៕
ដោយ៖តារា